សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលសៅរ៍ទី២ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាល។

ទោះបីជាអំឡុងពេលនៃការសាងសង់ផ្លូវចំនួន៣៨ខ្សែនេះ បានជួបបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការងារសាងសង់សម្រេចបានលទ្ធផលល្អប្រសើរទៅតាមការគ្រោងទុក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២១ និងសម្រេចសម្ពោធដាក់ឱ្យអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៕ អរគុណសន្តិភាព











