សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកពិនិត្យពីវឌ្ឍនភាពនៃសំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលសម្រេចបានលទ្ធផលគួរអោយកត់សម្គាល់នាពេលនេះ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកដល់ពេលនេះ ដល់ពេលដែលកម្ពុជាប្រកាសពីតារារះនាទិសឧត្តរហើយ ពីព្រោះបច្ចុប្បន្នយើងមានតារារះនាទិសនិរតីរួចហើយ ដូច្នេះនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា តំបន់ភូមិភាគនេះជាតារារះនាទិសឧត្តរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថ្លែនូវការកោតសរសើរចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង។
សម្តេចតេជោនាយករដ្ឋបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសារអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។ សម្តេចតេជោបានមានប្រសន៍ថា ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន នៅទីនេះ ហើយ៥០ឆ្នាំក្រោយ នឹងប្រគល់មកអោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា សូមកុំអោយមានការភ័ន្តច្រឡំថា ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមតែជនជាតិចិន ព្រោះនៅពេលខាងមុខកម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ។ ម្យ៉ាងវិញតាមរយៈគម្រោងការសាងសង់អាកាសយានដ្ឋាននេះក៏បានផ្ដល់ការងារធ្វើដល់កូនខ្មែរជាច្រើននាក់ អាចទទួលបាននូវប្រាក់ខែសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេទៀតផង។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា កាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែដោយសារតែព្រលានយន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូអាចចុះចតបាន។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ជុំវិញនេះ ជាពិសេសនឹងបង្កើតជាកូនទីក្រុងនៅទីនេះទៀតផងនាពេលខាងមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារសាងសង់ ក៏ដូចជាកម្មករ បុគ្គលិកទាំងជនជាតិចិន និងជនជាតិខ្មែរទាំងអស់ ដែលបានខិតខំក្នុងដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ ទោះបីជាជួបនូវវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ និងសូមបន្តការខិតខំជាបន្តទៀត និងជូនពរអោយសម្រេចលទ្ធផលទៅតាមការគ្រោងទុកនាពេលខាងមុខ៕ អរគុណសន្តិភាព













