សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ចូលជួបជម្រាបលាក្នុងឱកាសលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២​នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ចូលជួបជម្រាបលាក្នុងឱកាសលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមគណៈកម្មាធិការជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការនានាចំណុះអង្គការសហប្រជាជាតិ មានលោកស្រីជាអ្នកសម្របសម្រួល ដែលបានផ្ដល់កិច្ចសហការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាមួយក្រសួងមហាផ្ទៃលើកិច្ចការនានាដែលពាក់ព័ន្ធសមត្ថកិច្ចក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ទៀតថានៅក្នុងខណៈដែលសាកលលោកទាំងមូលប្រឈមមុខនឹងជំងឺឆ្លងកូវីដ-១៩ ប្រទេសកម្ពុជាបានទួលលទ្ធផលគួរឱ្យស្ញប់ស្ញែងក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាល​ដាលជំងឺកូវីដ-១៩ ដោយសម្ដេចបានចាត់ទុកថាជោគជ័យនេះមិនអាចកាត់ផ្ដាច់បានពីការរួមចំណែកពីអង្គការសហប្រជាជាតិនោះទេ។ សម្ដេច បន្តថាតាមរយៈលទ្ធផលនេះក៏បានរួមចំណែកដល់ការស្ដារការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកស្រី Pauline Tamesis ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមទាំងអង្គការនានាស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយលោកស្រីបានបន្តថាវត្តមាននៃជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញចំណុចជាច្រើន ក្នុងនោះក៏មានសាមគ្គីភាពរវាងសាកលោកទាំងមូលនៅក្នុងការរួបរួមគ្នាដោះស្រាយភាពអាសន្ន ហើយចំពោះផ្ទៃក្នុងប្រទេសវិញក៏បង្ហាញឱ្យឃើញនូវការសម្របសម្រួលកិច្ចការយ៉ាងល្អប្រសើរពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមនៃជំងឺរាត្បាតនេះ។
លោកស្រីក៏បានជម្រាបជូបសម្ដេចក្រឡាហោមដែរថាតាមរយៈការខិតខំដោះស្រាយបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា លោកស្រីក៏កត់សម្គាល់ឃើញនូវមេរៀនសំខាន់ៗដែលក្នុងនោះក៏ដូចជាការចូលរួមរបស់សហគមន៍ ការផ្ដល់កិច្ចសហការយ៉ាងជិតស្និតពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងការចូលរួមដោះស្រាយបញ្ហាសុខមាលភាពរបស់សង្គម និងមេរៀនមួយទៀតគឺការចូលរួមរបស់អាជ្ញាធរនៅក្នុងមូលដ្ឋានដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ជនងាយរងគ្រោះ ដើម្បីផ្ដល់ការគាំទ្រឱ្យបានសមស្រប និងទាន់ពេលវេលា។
បន្ថែមលើ​​នេះ លោកស្រីក៏បានជម្រាបជូនសម្ដេចក្រឡាហោម ដែរថាអង្គការសហប្រជាជាតិ បានធ្វើការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃនៅក្នុងអំឡុងពេលរាត្បាតជំងឺ​កូវីដ-១៩ លើការងារការពារដល់ជនជាប់ឃុំពីជំងឺកូវីដ ព្រមទាំងជួយដល់ពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ដោយលោកស្រីពិតជាមានការវាយតម្លៃខ្ពស់សម្រាប់ការចូលរួមចំណែកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដើម្បីខិតខំដោះស្រាយការងារនេះឱ្យបានល្អប្រសើរ។
ក្នុងជំនួបនោះដែរ លោកស្រី Pauline Tamesis ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរថាអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានឹងបន្តប្ដេជ្ញាចិត្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យនានាដោយធ្វើយ៉ាងណានឹងខិតខំបន្សីគ្នានឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីក៏ស្នើសុំយោបល់ពីសម្ដេចក្រឡាហោម ថាតើមានកិច្ចការជាអាទិភាពណាមួយស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់សម្ដេច ដែលលោកស្រីអាចផ្ដល់នូវកិច្ចសហការដើម្បីជំរុញការងារនោះឱ្យបានកាន់តែល្អប្រសើរថែមទៀត។
ឆ្លើយតបនឹងការលើកឡើងអំពីកិច្ចការអាទិភាពនេះ សម្ដេចក្រឡាហោម បានជម្រាបជូនថាបញ្ហាទីមួយ សម្ដេចសូមស្នើភាគីទាំងពីរបន្តខិតខំអនុវត្តនូវគម្រោងនានាដែលភាគីទាំងពីរកំពុងអនុវត្តជាមួយគ្នា ហើយគម្រោងណាដែលអនុវត្តមិនទាន់បញ្ចប់សូមបន្តអនុវត្តឱ្យបានជាស្ថាពរ និងទទួលបានលទ្ធផលល្អប្រសើរ ពិសេសលើការងារគាំពារដល់ស្រ្តី និងកុមារ។
សម្ដេចក៏បានជម្រាបជូនដែរថាថ្មីនេះៗរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការរយៈពេល១០ឆ្នាំដំណាក់​កាលទី២ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសកម្មភាពសំខាន់ៗក្នុងផែនការការងារ១០ឆ្នាំដំណាក់កាលទី២នេះ ផ្ដោតទៅលើការបន្តផ្ទេរនូវសិទ្ធិ អំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុទៅដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបន្តលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងសាធារណជនជាមួយនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។
សម្ដេច ក៏បានស្នើអង្គការសហប្រជាជាតិបន្តពិនិត្យទៅលើផែនការ១០ឆ្នាំ ដំណាក់កាលទី២នេះថាតើអាចផ្ដល់ការគាំទ្រទៅលើផ្នែក ឬសកម្មភាពណាមួយនៃផែនការនេះ។ សម្ដេចបន្តថាទោះបីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះជាការងារថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែក្នុងរយៈពេល១០ឆ្នាំកន្លងមក សម្ដេចបានមើលឃើញវឌ្ឍនភាពលើការងារនេះ ក្នុងនោះតាមសង្កេតឃើញថាប្រជាពលរដ្ឋកាន់តែយល់ដឹងបាន និងផ្ដល់ការគាំទ្រកាន់តែច្រើន ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង