ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងគោរពប្រសិទ្ធិពរជ័យសិរីសួរស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូុនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានជម្រាបជូនពីគម្រោងផែនការ ការងាររៀបចំកម្មវិធីកីឡាបាល់ទាត់មិត្តភាព២០២៣ ពានរង្វាន់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្រោមប្រធានបទ « កីឡានាំមកនូវសន្តិភាព » ។
ឯកឧត្តម សាម៉ន បណ្ឌិត្យ បានជម្រាបជូនថា កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ រៀបចំឡើងដោយ ក្រសួងព័ត៌មាន សហការជាមួយ សហពន្ធ័កីឡាបាល់ទាត់កម្ពុជា ធ្វើឡើងនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម រយៈពេល ៣ ខែ ដោយគ្រោងបញ្ចប់ធ្វើការប្រកួតផ្តាច់ព្រាត់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។
កម្មវិធីកីឡាបាល់ទាត់មិត្តភាព២០២៣ ពានរង្វាន់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្រោមប្រធានបទ « កីឡានាំមកនូវសន្តិភាព » ធ្វើឡើងក្នុងគោលបំណងចូលរួមបំផុស និងជម្រុញអោយមានការគាំទ្រ និងស្រលាញ់វិស័យកីឡាបាល់ទាត់នៅកម្ពុជា បានកាន់តែរីកចំរើនបន្ថែមទៀត ពិសេសគឺការជួយផ្សព្វផ្សាយ Logo Mascot ស៊ីហ្គេម ឲ្យបានទូលំទូលាយជ្រួតជ្រាបដល់ប្រជាជន ស្តីពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជា ព្រឹត្តការណ៍ប្រវត្តិសាស្រ្ត និងមោទន:ភាព នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជា ម្ចាស់ផ្ទះលើដំបូង ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក៏បានស្នើដល់ស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវដាក់ការផ្សព្វផ្សាយនូវ ស្លាក សញ្ញា-និមិត្តសញ្ញាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅគ្រប់កម្មវិធី កីឡារបស់ខ្លួន ដើម្បីជំរុញឱ្យការផ្សព្វផ្សាយនៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម របស់កម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសយកឆ្នាំ២០២៣ បង្ហាញមុខ មាត់កម្ពុជាក្នុងសតវត្ស២១ ក្រោយពីទទួលបានសន្តិភាពពេញលេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្តដល់ ឯកឧត្តម សាម៉ន បណិត្យ និងក្រុមការងារពាក់ពន្ធ័ ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីធ្វើយ៉ាងឲ្យដំណើរការកម្មវិធីកីឡាបាល់ទាត់ មិត្តភាព២០២៣ ពានរង្វាន់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ក្រោមប្រធានបទ « កីឡានាំមកនូវសន្តិភាព » ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ៕ by TVK