ឯកឧត្តម ហ៊ុន ម៉ានី ៖ ប្រជាការពារបានលះបង់ទាំងកម្លាំងកាយ ចិត្ត ក្នុងគោលដៅតែមួយគត់ គឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ


ភ្នំពេញ៖ កំលាំងប្រជាការពារបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា មណ្ឌលកំពង់ស្ពឺ និងជាប្រធានជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោកពុកនិងម៉ែ(សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា) ចុះសួរសុខទុក្ខនិងចែកអំណោយដល់កងកម្លាំងសន្តិសុខរបស់រាជធានីភ្នំពេញចំនួនជាង ៧០០នាក់នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។


ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្តមិនថា យប់ ថ្ងៃ ក្តៅរងា ឬមានភ្លៀងធ្លាក់នោះទេ ពួកគាត់តែងបំពេញការងារមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែមួយគត់ គឺរក្សាឲ្យបាន នូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺរក្សាឲ្យបាន ភូមិ ឃុំ មានសុវត្ថិភាព ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ប្រជាការពារ សម្រាប់ថ្នាក់ដឹកនាំ ពិតជាបានដឹង និងនៅជាមួយបងប្អូនប្រជាការពារជានិច្ច ដើម្បីរួមគ្នាជាធ្លុងមួយក្នុងទិសដៅតែមួយគត់គឺរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ មន្ត្រីនិងកងកម្លាំងប្រដាប់អាវុធជានិច្ច នេះជាការបង្ហាញឲ្យឃើញអំពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃនិងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទពិសេស គឺបងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។

ឯកឧត្ដមបន្តថា ចលនាប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្តដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារជាជំនួយការការងារយ៉ាងសំខាន់របស់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជាការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថានជាមួយនឹងការងារសង្គ្រោះបឯមផងដែរ ។

បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលបន្ថែមទៀតថា សកម្មភាពខាងលើរបស់ឯកឧត្តម ហ៊ុន ម៉ានី នេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់និងការគាំទ្រទៅលើកម្លាំងប្រជាការពារទាំងអស់នៅរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា អំណោយរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនប្រជាការពារខាងលើនេះ មានចំនួន ៧៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ក មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា ៨ម៉ឺនរៀល៕



