សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ពិសេស ទេវតាឆ្នាថ្មី ព្រះនាម កិរិណីទេវី យ៉ាងដូច្នេះថា….

ខេត្តត្បូងឃ្មុំ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ពិសេស ទេវតាឆ្នាថ្មី ព្រះនាម កិរិណីទេវី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ យ៉ាងដូច្នេះថា ៖
” សួស្តីឆ្នាំថ្មីប្រពៃណីជាតិ!!
” សួស្តីឆ្នាំថ្មីប្រពៃណីជាតិ!!
សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ពិសេស ទេវតាឆ្នាថ្មី ព្រះនាម កិរិណីទេវី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ សូមអភិបាលគ្រងរក្សាប្រោះព្រំសព្ទសារធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ជូនបងប្អូនជនរួមជាតិបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបងប្អូនកូនក្មួយទាំងអស់ ទទួលបានភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ នៅក្នុងឱកាសឈប់សម្រាកនាពេលនេះនិងទទួលបានសុវត្ថិភាពក្នុងការធ្វើដើរកម្សាន្តជិតឆ្ងាយ។ សូមបងប្អូនកូនក្មួយទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយចេះអធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងការបើកបរលើដងផ្លូវ។
ទន្ទឹមនឹងនេះ កុំភ្លេចការពារសុខភាព គោរពវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជូនមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះថាជំងឺកូវីដ-១៩ នៅតែជាក្តីបារម្ភរបស់សកលលោកនៅឡើយ ទោះបីព្រះរាជាណាចក្រកម្ពុជាយើង បានធូរស្រាល ដែលអាចឲ្យយើងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានឡើងវិញនាពេលនេះក្តី។
ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្តវ៉ាក់សំាង ដែលបានចាក់ជូនពលរដ្ឋទាំងក្មេងទំាងចាស់បានយ៉ាងច្រើនលើសលប់ ធ្វើឲ្យយើងអាចបើកសង្គមនិងសេដ្ឋកិច្ចឡើងវិញ ជាពិសេសយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនាពេលនេះបាន ក្រោយពីបានអាក់ខានរយៈពេលពីរឆ្នាំមកនោះ។
ក្រោមម្លប់សុខសន្តិភាព ឃើញថាប្រជាលរដ្ឋយើងបានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេស៕ “
