កិច្ចសម្តែងការគួរសមរវាងតំណាងថ្មីនៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ជាមួយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី

នារសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអនុញ្ញាត្តឱ្យលោកស្រី រីបេកា ប៊ែល (Rebekah Bell) តំណាងថ្មីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ចូលសម្តែង​ការគួរសម និងពិភាក្សាការងារ នៅក្នុងទីស្តីការក្រសួង ។ នៅក្នុងជំនួបពិភាក្សានេះ លោកស្រីរីបេកា ប៊ែល បានកោតសរសើរនិងបង្ហាញនូវមោទនភាព នៃកិច្ចសហការកន្លងមករវាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ជាមួយនិងក្រសួង ហើយបានប្តេជ្ញាក្នុងការពង្រឹងកិច្ចសហការដ៏ល្អនេះបន្តទៀត ដែលមានគោលដៅក្នុងការបន្តជួយដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកិច្ចការនារី ក្នុងការជំរុញឱ្យមានភាគរយនៃកម្លាំងពលកម្មជាបុរសនិងស្រ្តី មានភាគរយស្មើគ្នា និងជំរុញការបង្កើនជីវភាពគ្រួសារ តាមរយៈការបណ្តុះបណ្តាលជូនដល់សមាជិកគ្រួសារ ជាពិសេសស្រ្តី ទៅលើជំនាញ កសិកម្ម អាហារូបត្ថម្ភ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល វិធីសាស្រ្តក្នុងការស្វែងរក និងលក់ផលិតផលក្នុងទីផ្សារ ដើម្បីឱ្យគ្រួសារមានលទ្ធភាពបន្តនូវការងារទាំងអស់នោះបាន បើទោះបីជាមានសមាជិកណាម្នាក់ត្រូវចំណាកស្រុកដើម្បីធ្វើការក៏ដោយ ៕
អត្ថបទដែលជាប់ទាក់ទង