«អនុស្សរណៈនៃការយោគយល់រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន សូហ្វ៊ែរឧស្សាហកម្ម សៀមិនស៍ ភីធីអ៊ី អិលធីឌី វិទ្យាស្ថានបច្ចេកចិទ្យាកម្ពុជា បណ្ឌិតសភាបច្ចេកវិទ្យាឌីថលកម្ពុជា និងសាលា ស្ទីមមីង ខេមបូឌា»

ភ្នំពេញ៖ នៅទីស្ដីការក្រសួងបរិស្ថាន មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន សូហ្វ៊ែរឧស្សាហកម្ម សៀមិនស៍ ភីធីអ៊ី អិលធីឌី, វិទ្យាស្ថានបច្ចេកចិទ្យាកម្ពុជា បណ្ឌិតសភាបច្ចេកវិទ្យាឌីថលកម្ពុជា, និងសាលា ស្ទីមមីង ខេមបូឌា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្តមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ឯកឧត្ដមរដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបាននិងកំពុងខិតខំប្រឹងប្រែងជំរុញវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ប្រកបដោយចីរភាព ភាពធន់ និងធ្វើសមាហរណកម្មទៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (ឧស្សហកម្ម ៤.០)។

អនុស្សរណៈនៃការយោគយល់នេះ គឺជាការចាប់ផ្ដើមថ្មីនៃការនាំយកនូវបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងការកសាងធនធានមនុស្ស ដែលជាកាតាលីករសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការរួមចំណែកបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ និងប្រែក្លាយកម្ពុជាពីប្រទេសកសិកម្ម និងឧស្សហកម្មបែបប្រពៃណី ទៅជាឧស្សាហកម្មទំនើបជឿនលឿន។

តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកបដោយភាពរស់រវើក ដោយបានរួមបញ្ចូលទស្សនៈ គោលជំហរ ឆន្ទៈ និងការប្ដេជ្ញាចិត្ត ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត។ ក្នុងរយៈពេល១០ឆ្នាំខាងមុននេះ ចេញពីការខិតខំប្រឹងប្រែង ក្រោមម្លប់នៃសន្តិភាព និងឈរលើស្មារតីខ្មែរធ្វើបាន កម្ពុជានឹងពោរពេញដោយធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងទេព្យកោសល្យខ្ពស់ដើម្បីជាចលករក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ក្នុងនាមជារដ្ឋមន្រ្តីទទួលបន្ទុកវិស័យបច្ចេកវិទ្យានៅកម្ពុជា បានលើកឡើងនូវចំណុចគន្លឹះថា ការកសាងធនធានមនុស្សគឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឯកឧត្ដមសូមវាយតម្លៃខ្ពស់ដល់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុន សូហ្វ៊ែរឧស្សាហកម្ម សៀមិនស៍ ភីធីអ៊ី អិលធីឌី ដែលបានខិតខំប្រឹងប្រែងឲ្យសម្រេចបានកិច្ចសហប្រតិ្តការនេះ ដែលជាការចាប់ផ្ដើមថ្មីដ៏សំខាន់នៃភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស លើជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល។

ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានសន្ទុះកាន់តែខ្លាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងក្នុងចំណោមប្រជាពលរដ្ឋទូទៅ ពិសេសសិស្ស-និស្សិត។ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានលក្ខណៈចាំបាច់និងទូលំទូលាយក្នុងគ្រប់វិស័យ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ដើម្បីឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផ្តល់ផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គនៃសង្គម “គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ត្រូវបានរៀបចំឡើងដោយមានសសរស្ដម្ភចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីថល និងធុរកិច្ចឌីជីថល។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តជំរុញការកសាងធនធានមនុស្សឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារពលកម្មកម្ពុជា បន្តពង្រឹងវិសាលភាពនៃកម្មវិធីគាំទ្រនិងលើកទឹកចិត្តនានាឈានទៅបង្កើតលក្ខខណ្ឌអំណោយផលដល់ការបង្កើតនិងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដែលមានសក្ដានុពលសម្រាប់ចាប់យកខ្សែច្រវាក់ផលិតកម្មនិងតម្លៃឌីជីថល និងការអភិវឌ្ឍឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

តាមរយ:កិច្ចសហការនេះ ក្រុមហ៊ុន សៀមិនស៍ នឹងផ្តល់ជូននូវកញ្ចប់សូហ្វ៊ែរដែលមានអជ្ញាប័ណ្ណ (License software) ធនធានសម្ភារ:បណ្តុះបណ្តាល និងកម្មវិធីសិក្សាដល់ក្រសួងបរិស្ថាន ដើម្បីផ្តល់ជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈការជួយគាំទ្រសម្របសម្រួលផ្នែកដំបូន្មានបច្ចេកទេស និងការបណ្តុះបណ្តាលពី software ពីសាលា ស្ទីមមីង ខេមបូឌា។

និស្សិត ដែលមកពីសាកលវិទ្យាល័យដៃគូទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាល, ការប្រើប្រាស់សូហ្វ៊ែរដែលមានអជ្ញាប័ណ្ណ និងការប្រឡងយកសញ្ញាបត្របញ្ជាក់សមត្ថភាពស្តង់ដាផងដែរ ក្រោមការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន៕ អរគុណសន្តិភាព



