កម្ពុជាចាត់ទុកទឹក ជា «មាស ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពនិងបរិយាបន្ន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ចាត់ទុកទឹកជា «មាស ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ក្នុងសន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ «ធនធានទឹកសម្រាប់កាអភិវឌ្ឍប្រកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន សម្ដេចតេជោលើកឡើងថា ក្នុងអំឡុងជាង២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់មិនធ្លាប់មានដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល។ ប៉ុន្តែវិបត្តិនេះក៏បានធ្វើឱ្យយើងឃើញកាន់តែច្បាស់អំពីភាពចាំបាច់នូវការរក្សា និងការពារ​ឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញ និង គាំទ្រការរស់រានមាន​ជីវិត និងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់និងចីរភាព។
ជាការពិត ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ ពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក ការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងភាពរាំងស្ងួត ការកើនឡើងនូវចំនួនប្រជាជននិងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្ដែង នៅក្នុង របៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី ៦ ស្តីពី “ការ ធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប។ដូច្នេះអភិក្រមនៃការគ្រប់គ្រងធនធានទឹករបស់យើងនាពេលបច្ចុប្បន្ន នឹងកំណត់នូវគុណភាពជីវិតរស់នៅរបស់យើង និងកូនចៅរបស់យើងនាពេលអនាគត។
ក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឱ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឱ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត តាមរយៈ ទី១. ការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។ ទី២. ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រ ដល់ការអភិវឌ្ឍបៃតង ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។ ទី៣. ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ទី៤. ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីវភាព សង្គមក្នុងការប្រើប្រាស់ និង ការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជន​សកល​លោកគ្រប់រូប ទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។
សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ “ទឹកដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព”។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ឆន្ទៈនយោបាយកម្រិតខ្ពស់ ការខិតខំប្រឹងប្រែង និងការធ្វើ សកម្មភាពរួមគ្នា នឹងធានាបាននូវជោគជ័យក្នុងការសម្រេចគោលដៅខាងលើ។ កម្ពុជាទន្ទឹងរង់ ចាំលទ្ធផលប្រកបដោយផ្លែផ្កានៃ កិច្ចប្រជុំកំពូលលើកទី ៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយ​នឹង “សេចក្តីប្រកាសក្រុងខឹម៉ាមូតុ” ដែលនឹងក្លាយជាឯកសារបង្ហាញផ្លូវដ៏មានសារៈសំខាន់សម្រាប់ពង្រឹង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធានាឱ្យបាននូវការប្រើប្រាស់ ការអភិវឌ្ឍ និងការគ្រប់គ្រងទឹក ប្រកបដោយ ចីរភាព និងបរិយាបន្ន សម្រាប់មនុស្សជាតិគ្រប់ជំនាន់៕ by AKP
អត្ថបទដែលជាប់ទាក់ទង