ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ ក្រោមវត្តមានអភិបាលរាជធានី

ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះបានស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានអោយដឹងនៅព្រឹកថ្ងៃទី២៨ មេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ការដ្ឋាន នេះស្ថាបនាបានរួចរាល់១០០%ហើយ គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានថ្មើជើងមួយនេះបានហោះលើមហាវិថីធំៗ២ខ្សែនិងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ ដោយមើលឃើញពីបញ្ហានេះទើបឯកឧត្ដម ឃួង ស្រេង ណែនាំអោយស្ថាបនាស្ពានអាកាសថ្មើជើងថ្មីនេះឡើង។

បើតាមយុវជនម្នាក់ឈ្នោះ ហ៊ុន ពេជ្រធន់នរៈ បានបង្ហាញពីការចាប់អារម្មណ៍ថា បន្ទាប់ពីមានស្ពានមួយនេះហើយពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដោយជួយកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ និងមិនបាច់រងចាំស្តុបមិនចំណាយពេលយូរដូចជាការពេលដែលមិនទាន់មានស្ពានអាកាសហើយជាមួយគ្នានោះប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងគណៈអភិបាលរាជធានីភ្នំពេញដែលបានកសាងស្ពានអាកាសនេះឡើងដែលបានជួយសម្រួលដល់ការធ្វើដំណើរនៅជុំវិញតំបន់នេះឲ្យកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

