សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន។

ក្នុងជំនួបនេះ ឯកឧត្តម យ៉ាម៉ាហ្សាគីកូជី បានគោរពកោតសរសើរកម្ពុជាដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។

ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។

ឯកឧត្តម យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងសំដែងនូវការគាំទ្រចំពោះកិច្ចពិភាក្សាជាមួយឯកឧត្តម វង្ស ពិសេន និងឯកឧត្តម ហ៊ុន ម៉ាណែត និងចំពោះអ្វីដែលបានលើកឡើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឯកឧត្តម យ៉ាម៉ាហ្សាគី ឲ្យទទួលបាននូវភាពជោគជ័យការងារជាបន្តបន្ទាប់ទៀត៕ អរគុណសន្តិភាព
