ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យព្រំដែនសំណង់បង្គោលព្រំដែន និងការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម

ខេត្តស្វាយរៀង៖ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន កាលម្សិលមិញនេះ បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យព្រំដែនសំណង់បង្គោលព្រំដែន និងការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង។

សកម្មភាពចុះត្រួតពិនិត្យនេះគឺមានការអមដំណើរដោយលោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម មេបញ្ជាការនៃបញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងវត្តមានរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងអភិបាលរងខេត្តព្រៃវែង ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវនយោបាយកសាងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយដើរទន្ទឹមនឹងការអនុវត្តគោលការណ៍កសាងខឿនការពារប្រទេស គឺជារបស់ប្រជាជនគ្រប់រូប។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ការកសាងបង្គោលព្រំដែន និងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែននេះក៏ជាការរួមចំណែកក្នុងការរៀបចំកិច្ចការសង្គម ការបើកច្រកទ្វារព្រំដែននានាជាបន្តបន្ទាប់ ការពង្រីកវិស័យកសិ-ឧស្សាហកម្ម ទេសចរណ៍បង្កើនផលិតផលប្រកបដោយសក្តានុពលពហុវិស័យ ជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកកសាងពង្រឹងខឿនការពារជាតិ ដោយផ្អែកលើប្រជាជនធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត និងធ្វើជាសាក្សីរស់ប្រកបដោយនិរន្តរភាព។

លោកជំទាវបណ្ឌិត កុយ ពិសី បានប្រាប់ឱ្យដឹងថា សកម្មភាពចុះត្រួតពិនិត្យព្រំដែនសំណង់បង្គោលព្រំដែន និងការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែងខាងលើនេះ ធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ពោលគឺបន្ទាប់ពីបញ្ចប់បេសកកម្មដូចគ្នានេះដែរ នៅខេត្តមណ្ឌលគិរី ក្រចេះ និងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២២។

លោកជំទាវបណ្ឌិត កុយ ពិសី ក៏បានបន្ថែមថា សមិទ្ធផលបង្គោលខណ្ឌសីមា និងផ្លូវខ្សែក្រវាត់ព្រំដែនដែលសម្រេចបានទាំងអស់នេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំថែរក្សាសន្តិភាព ស្ថិរភាពយូរអង្វែង ឲ្យប្រជាជននៃប្រទេសទាំងពីររស់នៅបានសុខដុមរមនាជាមួយគ្នា និងមានជំនឿទុកចិត្តជាមួយគ្នានៅតាមតំបន់ព្រំដែន ពិសេសការពារអធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស ចីរកាលសម្រាប់មនុស្សជំនាន់ក្រោយ៕ អរគុណសន្តិភាព



