សិក្ខាសាលា ស្តីពី ការពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃ ក្នុងស្រុកនិងឆ្លងដែននៅកម្ពុជា

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃ ក្នុងស្រុកនិងឆ្លងដែននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួង បរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,លោក ឈឹម កាន អភិបាលរងនៃគណ:អភិបាលខេត្តមណ្ឌលគិរី,លោក អ៊ាង សុគន្ធ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរបរិស្ថាន បុគ្គលិកអង្គការ WWF WCS Birdlife បុគ្គលិកជាតិ និងអន្តរជាតិអាជ្ញាធរពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍មេរៀននិងលើកកម្ពស់
សមត្ថភាពលើការងារកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូក្រៅរដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់ និងការអភិរក្សជីវ:ចម្រុះនៅតំបន់ខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា នឹងបន្ថែមនូវការប្រមូលផ្តុំមន្ត្រី អ្នកគ្រប់គ្រង និងអ្នកអនុវត្តច្បាប់ដែល ពាក់ព័ន្ធទាំងក្នុង នឹងក្រៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ដើម្បីចូលរួមពិភាក្សាទាក់ទងបញ្ហាសកម្មភាពអន្ទាក់ ការប្រម៉ាញ់ ការជួញដូរ និងការធ្វើពាណិជ្ជកម្មសត្វព្រៃ ខុសច្បាប់ទាំងក្នុងប្រទេស និងឆ្លងដែន ព្រមទាំងបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់កន្លងមកផងដែរ ៕




