ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ​នាំ​ដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ​នាំ​ដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរាំងស្កាត់មិនឱ្យប្រវត្តិសាស្ត្រ ដ៏ឈឺចាប់ពីអតីតកាលកើតមានសាជាថ្មី ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ក្នុងឱកាសនាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់កងទ័ពវិស្វកម្មអគ្គបញ្ជាការ នៅថ្ងៃទី១០ ខែឧសភា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងម្លាំងប្រដាប់អាវុធកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីប្រវត្តិដ៏ជូរចត់ដែលមាតុភូមិកម្ពុជាធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម ការបែកបាក់ ពិសេសរបបប្រល័យពូជសាសន៍ និងបានរកឃើញមកវិញនូវសន្តិភាព តាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន បង្កើតបានជាឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីក ចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ។

ឯកឧត្តម បានឱ្យដឹងថា ជាភ័ព្វសំណាងកម្ពុជា ដោយមានមេដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាច ក្លាហាន គឺ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យ សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរ តាមរយៈជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ ដែលមានខ្លឹមសារស្នូល ៣ ជាសំខាន់ គឺ ជីវិត កម្មសិទ្ធ និងអាជីព។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយល់ដឹងកាន់តែជ្រាលជ្រៅ និងទូលំទូលាយ អំពីអត្ថន័យ នៃនយោបាយ ឈ្នះ ឈ្នះ ហើយខិតខំលើកកម្ពស់មនសិការស្នេហាជាតិ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរាំងស្កាត់មិនឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាលកើតមានសាជាថ្មី។ ពាក់ព័ន្ធដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវសិក្សាស្វែងយល់ច្បាស់លាស់ពីក្រមសីលធម៌នៃច្បាប់បោះឆ្នោត និងចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាឱ្យដំណើរការ បោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានការគំរាមកំហែង និងអំពើហិង្សាផ្សេងៗកើតឡើង៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង