ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី គឺដើម្បីអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមួយមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ មានចីរភាព សម្រាប់អ្នកប្រើប្រាស់
ខេត្តកោះកុង៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី គឺដើម្បីអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឱ្យប្រែក្លាយទៅជាប្រទេសមួយមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការគម្រោងខែ្សបណ្តាញបញ្ជូនអនុស្ថានីយនិងខ្សែបណ្តាញក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្ដកោះកុង ដែលបានសាងសង់ក្នុងក្របខណ្ឌនៃគម្រោងសហប្រតិបត្តិការជាមួយទ៏ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងអនុស្ថានីយអគ្គិសនី ខេមរភូមិន្ទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនេះ វាជាកត្តាចម្បង និងចាំបាច់បំផុតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងការផ្តល់នូវសុខុមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានលើកឡើងថា ក្នុងក្របខណ្ឌនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍយ៉ាងពេញទំហឹងក្នុងគ្រប់វិស័យ ទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទាំងគម្រោងបង្កើតរោងចក្រផលិតសម្ភារ បរិក្ខារនានាក្នុងស្រុក។ ទន្ទឹមនេះ ក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ដើម្បីផ្ដល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទាន់តាមកំណើនសេដ្ឋកិច្ច និងឱ្យទាន់តាមកំណើននៃសេចក្តីត្រូវការប្រើប្រាស់ និងជំរុញការសាងសង់ខ្សែបណ្តាញបញ្ចូនរង និងខ្សែបណ្តាញចែកចាយអគ្គិសនីតាមបណ្តាខេត្តនានាជាបន្តបន្ទាប់ ដើម្បីធ្វើការបញ្ជូននិងចែកចាយប្រភពអគ្គិសនីដែលយើងបានអភិវឌ្ឍន៍ទៅផ្គត់ផ្គង់ឱ្យអ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា រាជរដ្ឋភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនី និងអគ្គិសនីកម្ពុជា ក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពល និងកៀរគរថវិកាពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដើម្បីធានាបានដល់ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់តាមតម្រូវការ និងប្រកបដោយគុណភាព ស្ថិរភាព និរន្តរភាព ថ្លៃសមរម្យ និងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាដល់ បរិស្ថាននិងសង្គម។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលបារាំងលើឥណទានសម្បទានចំនួន ៧០លានអឺរ៉ូ ពីសាធារណរដ្ឋបារាំង និងការផ្តល់ជំនួយឥតសំណងពីសហភាពអឺរ៉ុបសម្រាប់ការពង្រឹងសមត្ថភាពចំនួន១ លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងថវិកាបដិភាគរបស់អគ្គិសនីកម្ពុជាចំនួន ១៥,៤១ លានអឺរ៉ូ ដើម្បីអនុវត្តន៍គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន អនុស្ថានីយ និងបណ្តាញចែកចាយអគ្គិសនីនៅក្នុងខេត្តចំនួន ៣ គឺខេត្តកោះកុង កំពង់ចាម និងខេត្ដក្រចេះ និងគម្រោងពង្រឹងសមត្ថភាពដល់និយោជិតអគ្គិសនីកម្ពុជា។ កិច្ចព្រមព្រៀងឥណទាន និងការផ្តល់ជំនួយឥតសំណងខាងលើ ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងអឺរ៉ុប និងការបរទេស នាទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម Laurent Fabius រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ។
បើតាមឯកឧត្ដម ស៊ុយ សែម ជាមួយហេដ្ឋារចនាសម្ព័ន្ធបញ្ជូន អនុស្ថានីយ និងចែកចាយថាមពលអគ្គិសនីដែលបានសាងសង់នៅក្នុងក្របខណ្ឌគម្រោងខាងលើ នឹងធ្វើឱ្យប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅភូមិភាគខាងលិចនិងភូមិភាគខាងត្បូងរបស់កម្ពុជា ក្លាយទៅជាប្រព័ន្ធបណ្តាញកងជួយពង្រឹងគ្នាទៅវិញទៅមកសម្រាប់ការបញ្ជូនថាមពលអគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព ក្នុងផ្ទៃប្រទេស។ សម្រាប់ប្រព័ន្ធបណ្តាញខាងលើនេះ ក៏នឹងចូលរួមចំណែកជួយពង្រីកលទ្ធភាព ក្នុងការនាំយកថាមពលពីប្រភពវារីអគ្គិសនីនៅបណ្តាខេត្តភាគខាងលិច រួមមាន វារីអគ្គិសនីតាតៃ វារីអគ្គិសនីឬស្សីជ្រុំក្រោម វារីអគ្គិសនីអាតៃ ប្រមាណជាង ៧០០មេហ្កាវ៉ាត់ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់កម្លាំង ៨០មេហ្គាវ៉ាត់ វារីអគ្គិសនីតាតៃលើកម្លាំង ១៥០មេហ្គាវ៉ាត់ ដែលកំពុងតែរៀបចំធ្វើការអភិវឌ្ឍ និងវារីអគ្គិសនីក្នុងខេត្តកោះកុង និងខេត្តពោធិ៍សាត់ ប្រមាណជាង ៣០០មេហ្កាវ៉ាត់បន្ថែម ដែលបានកំណត់ក្នុងផែនការមេ ទៅផ្គត់ផ្គង់ឱ្យរាជធានីភ្នំពេញ និងតំបន់ភូមិភាគខាងត្បូងនៃប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធជាតិបញ្ជូនថាមពលអគ្គិសនីទាំងអស់នេះ បានគាំទ្រដល់ការបន្តអភិវឌ្ឍន៍បណ្តាវារីអគ្គិសនីថ្មីៗជាថាមពលកកើតឡើងវិញនិងថាមពលស្អាតក្នុងតំបន់ខាងលើដើម្បីជំនួសការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលដែលជាគោលដៅចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសបន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងទៅអនាគត តាមយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូន។
ឯកឧត្ដមបានអះអាងថា គម្រោងនេះ បានផ្តល់ធនធានបច្ចេកទេស ដល់បណ្តាវិស្វករកម្ពុជា តាមរយៈការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យាពីអ្នកជំនាញបរទេសដែលមានបទពិសោធន៍ខ្ពស់ ជាពិសេសពីអគ្គិសនីបារាំង (EDF) ក៏ដូចជាក្រុមហ៊ុនធំៗពីប្រទេសចិន ដែលផ្តល់ឱកាសក្នុងការ ជួយ សាងសង់បង្គោលអគ្គិសនីឆ្លងដៃសមុទ្រ មានកម្ពស់ដល់ទៅ ១៦៨ម៉ែត្រ ព្រមទាំងឱ្យយើងពង្រឹងសមត្ថភាពសាងសង់គម្រោងទាំងមូលដោយខ្លួនឯងក្នុងពេលអនាគត។ លើសពីនេះទៀត គម្រោងខាងលើនេះក៏នឹងជួយពង្រឹងដល់ការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់តំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្តកោះកុង ខេត្តកំពង់ចាម និងខេត្តក្រចេះ ដែលនាំប្រភពផ្គត់ផ្គង់ឱ្យទៅកៀកប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញការអភិវឌ្ឍតំបន់ច្រករបៀងមាត់សមុទ្រពីផ្លូវជាតិលេខ៤ ស្រែអំបិល មកក្រុងខេមរភូមិន្ទ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការកសាងខឿនសេដ្ឋកិច្ចជាតិរួមមាន ការអភិវឌ្ឍលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ផងដែរ៕ by AKP