គ.ជ.ប អំពាវដល់គណបក្សនយោបាយ និងអ្នកគាំទ្រ គោរពវិធាន និងប្បញ្ញត្តិនៃច្បាប់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមបង្កលក្ខណៈងាយស្រួលក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី១០ ខែឧសភានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានពិនិត្យ និងសម្រេចជាគោលការណ៍រួមមាន ៖
១. សេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
២. សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមនៃគណបក្ស នយោបាយដែលត្រូវបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ។
៣. សេចក្តីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
៤. សេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយ ទាំងអស់ត្រូវតែគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប និងអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធនឹងការអនុវត្តក្នុងអំឡុងពេលនៃការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ។

ឯកឧត្តម ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញពង្រឹងការងារ និងតាមដានការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់ និងតាមដានការអនុវត្តការងាររបស់គណ:កម្មការឃុំ សង្កាត់រៀប​ចំ​ការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានឯកសារគ្រប់គ្រាន់ប្រើប្រាស់សម្រាប់ការបោះ​ឆ្នោត​នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង