ឯកឧត្តម លី វ៉ាន់ហុង អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម VUONG QUOC TUAN សមាជិកបម្រុងមជ្ឈឹមបក្សកុម្មុយនីសវៀតណាម

ប្រទេសវៀតណាម(ហាណូយ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ គណៈប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម VUONG QUOC TUAN សមាជិកបម្រុងមជ្ឈឹមបក្សកុម្មុយនីសវៀតណាម និងជាអនុប្រធានគណៈកម្មធិការប្រជាជនខេត្តបាក់និញ (អភិបាលរងខេត្ត) និងបានចុះពិនិត្យសិក្សាស្វែងយល់ទីតាំងធំទី៣ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីរដ្ឋធានីហាណូយ និងខេត្តក្វាងនិញ ។

ជម្រាបផងដែរថា ខេត្តបាក់នីញ មាន ចម្ងាយ ៥៧ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ហើយខេត្តនេះបានស្នើសុំទទួលរៀបចំការប្រកួតកីឡា SEAGAMES លើវិញ្ញាសាប្រកួតចំនួន៤ រួមមាន បាល់ទះ វាយសី ប្រដាល់ និងឃិកប៊ុកស៊ិញ។

នៅរសៀលថ្ងៃដដែល គណៈប្រតិភូក្រសួងព័ត៌មានក៏បានបន្តចុះពិនិត្យ និងសិក្សាស្វែងយល់ ពីការរៀបចំមជ្ឈមណ្ឌលកណ្ដាលសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលអញ្ជើញមកផ្ដិតយកទិដ្ឋភាពព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិ នៃរដ្ឋធានីហាណូយ។

ក្នុងឱកាសនោះ គណៈប្រតិភូក្រសួងព័ត៌មានក៏ត្រូវបានអនុញ្ញាតឱ្យចូលដល់ទីតាំងបន្ទប់សម្រាប់រៀបចំសន្និសិទសារព័ត៌មានរបស់គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេម បន្ទប់សម្រាប់អ្នកសារព័ត៌មានទទួល និងបញ្ជូនរូបភាពពីការប្រកួតកីឡាស៊ីហ្គេមជាដើម។

លើសពីនេះទៀត គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ក៏បានសិក្សាស្វែងយល់អំពីការងារផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិវៀតណាម ដែលជាអង្គភាពទទួលបន្ទុកលើការផ្ដិតយកទិដ្ឋភាពទាំងស្រុងពីការប្រកួតនានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីផ្សាយក្នុងស្រុក និងបញ្ជូនទៅបណ្ដាប្រទេសនានាដែលជាសមាជិកអាស៊ាន និងបណ្ដាប្រទេសលើសកលលោកផងដែរ៕

