សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន១៥៦៥នាក់ គ្រូពេទ្យចំនួន៥៥០នាក់ និងសិល្បករ សិល្បការិនីចំនួន២៧នាក់ ប្រារព្ធនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន១៥៦៥នាក់ គ្រូពេទ្យចំនួន ៥៥០នាក់ និងសិល្បករ សិល្បការិនីចំនួន២៧នាក់ ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីសុន្ទរកថា និងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍សំណេះសំណាលដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើង និយាយជារួម ហើយដោយឡែក នៅខេត្តបាត់ដំបង មកដល់ពេលនេះយើងមានសុខសន្តិភាពពេញទី គ្មានជម្លោះប្រដាប់អាវុធ គ្មានកម្លាំងឧទាមក្រៅច្បាប់ ដើម្បីប្រឆាំងនិងរដ្ឋាភិបាលនោះទេ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានគ្រប់គ្រងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ហើយនេះជាមោទភាពណាស់របស់យើងទាំងអស់គ្នា បើប្រៀបធៀបនិងប្រវត្តិសាស្ត្រនៃកម្ពុជា ក្នុងចន្លោះពីក្រោយអាណានិគមនិយមបារាំងដែលត្រួតត្រាកម្ពុជារហូតមកទល់ពេលនេះ។

ឥស្សរជន ឬក៏ប្រជាពលរដ្ឋខ្មែរ គ្រប់រូបគ្រប់មជ្ឈដ្ឋាន មានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយ តាមរយៈការបង្កើតគណបក្សនយោបាយ ដើម្បីប្រគួតប្រជែងក្នុងពេលបោះឆ្នោត ដណ្តើមអំណាចគ្រប់គ្រងទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
ស្ថិរភាពនយោបាយនាពេលបច្ចុប្បន្នគឺ តាមរយៈការដែលកម្ពុជាបានអនុវត្តនូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនោះ បានដាក់បញ្ចូលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយបានប្រកាន់យក នូវរបបនយោបាយសម្រាប់កម្ពុជា គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស។

នេះគឺជាកត្តាសំខាន់ដែលនាំអោយយើងមានស្ថិរភាព ហើយក៏នាំអោយយើងមានសន្តិសុខ សន្តិភាព ដូច្នេះយើងអាចចាត់ទុកថារបបនយោបាយ ដែលយើងបានជ្រើសរើសប្រកាន់យកសព្វថ្ងៃនេះ ដោយគូរភាគីជម្លោះនៅកម្ពុជា ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា គឺជាតួអង្គ សំខាន់ដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្សនេះ គឺពិតជាត្រឹមត្រូវ សមស្រប ហើយក៏គ្មានរបបនយោបាយណាដែលសមស្រប ជាងនេះនោះទេ ដោយសារនៅក្នុងប្រវត្តិសាស្ត្រយើង ក្នុងរយៈពេលបើយើងគិតពីឆ្នាំ១៩៥៣ មកទល់ឆ្នាំ២០០២នេះ មានប្រមាណជិត៧០ឆ្នាំ របបនយោបាយយើងបានឆ្លងកាត់ច្រើនណាស់ ប៉ុន្តែកម្ពុជាយើងមិនបានសុខទេ មិនមានសន្តិភាពេញលេញទេ ហើយបើមិនបានសុខ មិនមានសន្តិភាពទេ យើងពិតជាគ្មានឱកាស ដើម្បីនិងកសាងជីវភាពរស់នៅរបស់យើងទេ អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទេ អញ្ចឹងហើយកត្តាគន្លឹះដើម្បីយើងមានការអភិវឌ្ឍន៍ នោះកត្តាសន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តាកំណត់។

ទន្ទឹមនេះ សព្វថ្ងៃយើងដឹងទាំងអស់គ្នាថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រែប្រួល រីកចម្រើន ដែលស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប នេះជាមោទភាពរបស់យើងពីព្រោះថា ប្រសិនជាយើងគ្មានសន្តិភាពទេនោះមិនមានការអភិវឌ្ឍន៍បានឡើយ។

សម្តេច បានបញ្ជាក់ថាការរីចម្រើនទាំងអស់នេះគឺបានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា តួអង្គគន្លឹះនិងការចូលរួមរបស់តួអង្គផ្សេងៗទៀត ទន្ទឹមនោះក៏បានមកពីឯកឧត្តម អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានទាំងខេត្តបាត់ដំបងរបស់យើងដែរ។

ឆ្លៀតក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ រំលឹក និងសំណូមពរ ដល់ឯកឧត្តម អស់លោក លោកស្រី លោកឧកញ៉ា និងអង្គពិធីទាំងមូលយកចិត្តទុកដាក់រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារនូវសន្តិភាពឲ្យបានដាច់ខាត បើទោះបីជាត្រូវលះបង់ដោយតម្លៃ ណាក៏ដោយ ពីព្រោះថា យើងបានឆ្លង កាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ ទំរាំតែទទួលបានសន្តិភាព ដូចសព្វថ្ងៃ។ យើងទាំងអស់គ្នាប្តេជ្ញារួមគ្នាត្រូវយកជ័យជំនះអោយបានពីរក្នុងពេលតែមួយ ជ័យជំនះទី១ ដែលយើងត្រូវការនោះ គឺជ័យជំនះសម្រាប់គណបក្សប្រជាជនឈ្នះឆ្នោត ជ័យជំនះទី២ គឺដោយសារគណបក្សយើង រដ្ឋាភិបាលយើងជាអ្នកគ្រប់គ្រង់ប្រទេស អញ្ចឹងហើយការចាត់តាំងការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា នោះក៏ជាជោគជ័យមួយទៀត របស់គណបក្សប្រជាជនផង ហើយរបស់ប្រទេសជាតិផង កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិវានិងលើកកម្ពស់ នៅពេលនោះឯង។ ក្នុងន័យនេះ សម្តេចស្នើថា រដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ប្រជាការពារ ខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោត ចាត់ចែងការបោះឆ្នោតអោយបានល្អប្រសើរ។ ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវដល់អស់លោក លោកស្រីទាំងអស់ ក៏ដូចជាតាមរយៈអស់លោក លោកស្រី អំពាវនាវដល់បងប្អូនសាច់ញាតិរបស់អស់លោក លោកស្រី ក្រុមគ្រួសារត្រៀមខ្លួនដើម្បីចូលរួមគាំទ្រ និងទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍បបន្តថា បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០២២នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទី ជំរុញ និងគាំពារ អភិបាលសម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ.សង្កាត់របស់ខ្លួន ដែលបម្រើផលប្រយោជន៍រួម របស់ប្រជាជន ៕ អរគុណសន្តិភាព