ឯកឧត្តម នេត្រ ភក្ត្រា មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានប្រសាសន៍ថា វិធានការអនុវត្តច្បាប់ដើរទន្ទឹមគ្នានឹងការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីប្រសិទ្ធភាពខ្ពស់និងជោគជ័យក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ

«រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើជីវភាពបងប្អូនប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរបននថែមទៀត។ តាមរយៈក្រសួងបរិស្ថានដែលកំពុងការពារនិងអភិរក្សតំបន់ការពារធម្មជាតិបានផ្តល់នូវការគាំទ្រ លើការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ដោយជំរុញលើការអភិវឌ្ឍផ្នែកទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការផ្តល់ពូជសត្វ និងរុក្ខជាតិហូបផ្លែដើម្បីបងប្អូនចិញ្ចឹមនិងដាំសម្រាប់សន្តិសុខស្បៀងរបស់សហគមន៍ផងដែរ»។ នេះគឺជាការថ្លែង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ អំឡុងពេលចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិជាំពេន ក្នុងដែនជម្រកសត្វព្រៃបឹងពែ ភូមិសាស្ត្រឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថាសហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើងនិងទទួលស្គាល់ដោយក្រសួងបរិស្ថានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ជារបងក្នុងការការពារតំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង នៅទូទាំងប្រទេសកម្ពុជាត្រឹមខែឧសភា ឆ្នាំ​២០២២​​នេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ថ្លែងឱ្យដឹងថាមានចំនួន១៨២ ដែលដែលមាន​ការ​ចូលរួមពីប្រជាពលរដ្ឋចំនួន ៥៥ ៤៤៦គ្រួសារ នៅក្នុង ៣៣៥ភូមិ ក្នុង ១០៨ឃុំ នៃ ១៦ខេត្ត និងចូលរួមគ្រប់គ្រងអភិរក្សលើផ្ទៃដីព្រៃចំនួន ៣០ ៩៤៦៣ហិកតា។
ក្នុងនោះ នៅខេត្តព្រះវិហារដែលមានតំបន់ការពារធម្មជាតិចំនួន៩ និងរបៀងអភិរក្ស១ មានផ្ទៃដីសរុបជាង ៩៥ម៉ឺនហិកតាមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៤២សហគមន៍ មានចំនួន ៨១៤៨គ្រួសារនិងបានកំពុងចូលរួមការពារអភិរក្សព្រៃឈើទំហំ ៦៩ ២៦១ហិកតានៅក្នុងភូមិចំនួន៤៧ ក្នុងឃុំចំនួន១៧ នៃខេត្តព្រះវិហារ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាសហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ ២០០៥ មានផ្ទៃដី ៣៤៤៥ហិកតាដែលជាប្រភេទព្រៃ ស្រោងនិងព្រៃរបោះលាយគ្នា ហើយសមាជិក​សហគមន៍ដែលជាជនជាតិដើមភាគតិចគួយបាននិងកំពុងថែរក្សាការពារព្រៃសហគមន៍បានយ៉ាងល្អប្រសើរដោយសហគមន៍បានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរភូមិឃុំ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារដើម្បីចុះល្បាតជាប្រចាំ។
ជាមួយគ្នានេះ សមាជិកសហគមន៍ក៏បាននិងកំពុងប្រមូលអនុផលព្រៃឈើផ្សេងៗរួមមានការប្រកបរបរ​ដងជ័រច្បោះ ការប្រមូលផលទឹកឃ្មុំ និងអនុផលព្រៃឈើផ្សេងទៀត ជាមួយសក្តានុពលទេសចរណ៍ធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់នៅក្នុងសហគមន៍នេះ។
តំណាងសហគមន៍តំបន់ការពារធម្មជាតិជាំពេន មានគម្រោងប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅទីនេះនិងបង្កើនប្រាក់ចំណូល បន្ថែមពីអ្វីដែលពួកគាត់បាន ទាញយក។ គំនិតផ្តួចផ្តើមរបស់សហគមន៍ត្រូវបានគាំទ្រដោយ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងលើកទឹកចិត្តដល់សហគមន៍ និងជំរុញឱ្យសហគមន៍សហការបន្ថែមជាមួយមន្ត្រីជំនាញក្រសួងបរិស្ថាននិងអននកពាក់ព័ន្ធនានាដើម្បីប្រែក្លាយតំបន់នេះជាកន្លែងទេសចរណ៍ធម្មជាតិ ជាមួយសក្តានុពលដឋេលខ្លួនមានដូចជាប្រពៃណីនៃការរស់ នៅចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច ប្រពៃណីនៃការដងជ័រច្បោះ ការរកឃ្មុំ និងធនធានធម្មជាតិនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនេះ។
ព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំពេនដែលត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ពិពណ៌នាថាត្រូវបាន បងប្អូនសហគមន៍ជនជាតិដើមភាគតិចសហការជាមួយមន្ត្រីឧទ្យានុរក្សការពារនិងអភិរក្សបានយ៉ាងល្អ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំសហគមន៍ឱ្យខិតខំចិញ្ចឹម សត្វ ដាំបន្លែបង្ការ និងការសិក្សាពីរបៀបធ្វើបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ និងជាពិសេសគឺការរៀបចំរបៀបចម្អិនម្ហូបបែប សហគមន៍មូលដ្ឋានឱ្យមានឱរសជាតិឈ្ងុយឆ្ងាញ់ដើម្បីទាក់ទាញទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងភ្លក្សម្ហូបរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងរៀបចំផ្ទះស្នាក់នៅ ឬកន្លែងបោះតង់ និងបន្ទប់អនាម័យឱ្យបានស្អាត និងមានអនាម័យល្អ ទាំងនេះគឺជាគ្រឿងទាក់ទាញទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរឱ្យមកទស្សនាកម្សាន្តនៅទីនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ។
កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើមដល់ពលរដ្ឋ សម្រាប់ចិញ្ចឹម ដើម្បីបង្កើនសុវត្ថិភាពស្បៀង និងរកប្រាក់ ចំណូលបន្ថែម។
ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វទៅតាម​គោល ដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របីចំនួន ២៥៨ក្បាល គោចំនួន ៤០២ក្បាល គោបាចំនួន ៦ក្បាល គោមេពូជចំនួន ៣០ក្បាល ចៀមចំនួន ៥៤២ក្បាល ជ្រូកចំនួន ៨០ក្បាល ជ្រូកព្រៃចំនួន ១០០ក្បាល បាចៀមចំនួន ១ក្បាល និងពពែចំនួន ៣៨៣ក្បាល។
សម្រាប់សហគមន៍ជាំពេន ខេត្តព្រះវិហារបានទទួលពូជគោចំនួន ២០ក្បាល និងពូជពពែមួយចំនួនទៀត ដែលរហូតមកដល់ពេលនេះ ពូជគេបានផ្តល់កូនជាច្រើនក្បាល និងត្រូវបានចែកបន្តទៅសមាជិក​សហគមន៍​ផ្សេងទៀត។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាននេះ គឺជាវិធានការជាក់ស្តែង ដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្ស ដែលមិនមែនជាការអង្គុយបក់ផ្សែង ប៉ុន្តែជាការពន្លត់ភ្លើងសំដៅរក្សាព្រៃឱ្យបានគង់វង្សក្រោមទិសស្លោក «រក្សាឈើឈរដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី។
បើតាមការអះអាងរបស់ឯកឧត្តម នេត្រ ភក្ត្រា នៅក្នុងការកាត់បន្ថយការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋលើធនធានធម្មជាតិ គឺក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការនៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាពក្នុងការផ្តល់ជាពូជសត្វគោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម ដើម្បីយកទៅប្រគល់ជូន ប្រជាសហគមន៍មូលដ្ឋាន ព្រមទាំងដៃគូសហការចិញ្ជឹមតាមកសិដ្ឋាន និងប្រជាពលរដ្ឋដែលមានឆន្ទៈខ្ពស់ចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខន្តិកៈ ជាមួយក្រសួង បរិស្ថាន ដោយទុករយៈពេលសមស្របណាមួយ ដើម្បីប្រគល់សងត្រលប់មកក្រសួងវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។
ក្រៅពីផ្តល់ប្រភេទសត្វចិញ្ចឹម ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាអង្គការដៃគូ ក៏បាននិងកំពុងអនុវត្តគម្រោងក្នុងក្របខណ្ឌនៃកិច្ចសន្យាជាមួយប្រជាសហគមន៍មួយចំនួនទៀតដូចជាកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬ«ស្រូវត្រយង» នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប និងព្រះរការ ភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងកម្មវិធីសិប្បកម្មកែច្នៃអនុផលព្រៃឈើផ្សេងទៀត ព្រមទាំងការលើកកម្ពស់ជីវភាពតាមរយៈការជំរុញផ្នែកវិស័យកសិកម្ម ការដាំបន្លែផ្គត់ផ្គង់ទីផ្សារ រួមនឹងការប្រមូលផលទឹកឃ្មុំព្រៃជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តសហគមន៍តំបន់ការពារធម្មជាតិបន្តចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀតជាមួយក្រសួងបរិស្ថានដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការពារអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានវាយតម្លៃថា គោលនយោបាយដែលដាក់ចុះដោយរាជរដ្ឋាភិបាលក្នុងការផ្សារភ្ជាប់រវាងការអភិរក្សនិងការអភិវឌ្ឍបាននិងកំពុងកសាងមូលដ្ឋានគ្រឹះរឹងមាំក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជានៅសេសសល់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ ឯកឧត្តម រដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិទាឱងអស់ដែលបានយកចិត្តទុកដាក់និងបានចូលរួមសហការយ៉ាងល្អជាមួយក្រសួងបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងទាំងអស់គ្នាបានធ្វើលើការបង្កើនជីវភាពប្រជាពលរដ្ឋ កាត់ផ្តាច់ការពឹងអាស្រ័យទាំងស្រុងលើធម្មជាតិគឺជាដំណើរដ៏ត្រឹមត្រូវមួយ ហើយការបង្កើតជម្រើសមុខរបរថ្មី បង្កើនជីវភាពពលរដ្ឋនៅក្និងតំបន់សហគមន៍គឺជាយុទ្ធសាស្ត្រដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា»៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង