អភិបាលរាជធានី ស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀតនៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។

ការស្នើសុំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែលលោកបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អង្គការ jica របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។

ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ ដូច្នេះលោកស្នើសុំឲ្យភាគីបារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះបីជួយជាកម្ចីឬក៏ជាជំនួយឥតសំណងក្តី។

បន្ថែមពីលើនេះផងដែរឯកឧត្ដម ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូតត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញនិងជួយសម្រួលគ្រប់ការងារដែលស្ថានទូតបារាំងត្រូវការផងដែរ ។

ឯកឧត្ដម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់របប ប៉ុល ពត ហើយក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្ដម ហ្សាក់ ប៉ឺឡេ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយនិងផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។

ឯកឧត្ដមបានបន្តថា ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ.សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ២០២២ខាងមុខនេះ ។

ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោកស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញ ដែលត្រូវបោះឆ្នោតផង។

ឯកឧត្ដម ហ្សាក់ ប៉ឺឡេ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែល
នៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ ឲ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ ។ បន្ថែមពីនេះ ឯកឧត្ដមបានលើកឡើងពីគម្រោងសិក្សាកសាងនូវរទេះភ្លើងល្បឿនលឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល១០ឆ្នាំហើយ៕ អរគុណសន្តិភាព
