វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់

ខេត្តស្ទឹងត្រែង៖ មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងខេត្តក្រចេះសរុបជាង ៥០រូប បានទទួលការបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចក្រសួងបរិស្ថាន ដើម្បីពង្រឹងយន្តការ និងបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសនៃការសម្អាតប្រាក់ពាក់ព័ន្ធនឹងសំណំណុំរឿងដើមបទល្មើសធនធានធម្មជាតិ។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន។
វគ្គបណ្តុះបណ្តាលដែលមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកច្បាប់ និងចែករំលែកបទពិសោធលើការកសាងសំណុំរឿងជូនមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងបរិស្ថាន ដើ់ម្បីពង្រឹងយន្តការប្រឆាំងនឹងការសម្អាតប្រាក់ និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពក្នុងការចូលរួមប្រឆាំងនឹងបទល្មើស ប្រឆាំងនឹងការសម្អាតប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ ដែលមានចំណាត់ថ្នាក់ជាបទល្មើសមជ្ឈិម និងបទល្មើសឧក្រិដ្ឋដែលមានតម្រុយលើការសម្អាតប្រាក់។
ការបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងខេត្តក្រចេះគឺជាការបណ្តុះបណ្តាលលើកទី៣ ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ជាង ១២០០នាក់របស់ក្រសួងបរិស្ថាន។
ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌ត្រូវពិនិត្យលើភស្យុតាង ព័ត៌មានពាក់ព័ន្ធផ្សេងៗទាក់ទងនឹងបទល្មើសដើមដើម្បីពិនិត្យលទ្ធភាពនៃការពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រឆាំងនឹងជនសង្ស័យ ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃ មានតម្រុយដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា មន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានបានដើរតួនាទីសំខាន់​ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ក្នុងបទល្មើសធនធានធម្មជាតិ និងការពារប្រទេស​កម្ពុជាក្នុងការប្រឆាំងការសម្អាតប្រាក់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ និងប្រកប​ដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា៖«បន្ថែមពីលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមន្ត្រីនគរបាលក្រសួងបរិស្ថានប្រើប្រាស់ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានមានច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាឧបករណ៍ច្បាប់ដ៏មានតម្លៃនិងប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិយើងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ហើយជនល្មើសក្នុងបទល្មើសធនធានធម្មជាតិ នឹងត្រូវប្រឈមមុខនឹងច្បាប់ទាំង ២នេះ»៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង