កម្ពុជាទទួលបានទង់ស៊ីហ្គេម(Sea Game)ជាផ្លូវការហើយ ដើម្បីធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣

កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម» ជាផ្លូវការហើយ ដើម្បីនាំយកមករាជធានីភ្នំពេញ និងរៀបចំពិធីដង្ហែ នាល្ងាចថ្ងៃទី២៤ ខែឧសភាសសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ ។

ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ បានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។

ក្រោយទទួលបានទង់ស៊ីហ្គេមហើយ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC ដែលសបញ្ជាក់ថា ស៊ីហ្គេមបានទៅដល់កម្ពុជា ដើម្បីរួមចំណែកឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទាំងអស់គ្នា ៕ អរគុណសន្តិភាព







