សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចុះទៅពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងបានអញ្ជើញចុះទៅពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី នាឱកាសនោះ រួមមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងនិងស្រុកទាំង៣នៃខេត្តបាត់ដំបង អភិបាលនិងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក កងកម្លាំង ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ដំណើរចុះទៅកាន់តំបន់បឹងទន្លេសាប ក្នុងស្រុកទាំង៣នៃខេត្តបាត់ដំបងរបស់សម្ដេចក្រឡាហោម និងមន្រ្តីពាក់ពាក់នាពេលនេះ គឺទន្ទឹមគ្នានឹងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានថ្លែងសារពិសេសជូនជនរួមជាតិ អំពីការសម្រេចកែសម្រួលតំបន់បឹងទន្លេសាបឡើងវិញដើម្បីភ្ជាប់ការអភិរក្សទៅនឹងការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។

សម្ដេចតេជោបានគូសបញ្ជាក់ថាតំបន់បឹងទន្លេសាបនេះចែកជាពីរកត្តាចាំបាច់ កត្តាទី១ ការអភិរក្ស និងកត្តាទី២គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ដោយសម្តេចបានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដើម្បីកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងយូរឆ្នាំ។

សម្តេចមានប្រសាសថាទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ និងថារាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ទៅជ្រកក្រោមរូបភាពជាពលរដ្ឋ ដោយកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ខនៈភូមិឋាននិងតាំងទីលំនៅប្រជាពលរដ្ឋមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញចុះដល់តំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនោះ បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋអំពីការសម្រេចរបស់សម្ដេចតេជោដូចដែលសម្ដេចបានថ្លែងក្នុងសារពិសេសផ្ញើជូនជនរួមជាតិ។ សម្ដេច និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានពិនិត្យតំបន់ជាក់ស្ដែងជាមួយផែនទីភូមីសាស្រ្តតំបន់បឹងទន្លេសាបផងដែរ៕ អរគុណសន្តិភាព




