សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្ដម គ្រីស្ទាន ប៊ឺហ្គ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបជម្រាបលា

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្ដម គ្រីស្ទាន ប៊ឺហ្គ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបជម្រាបលា ក្នុងឱកាសឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ និងអរគុណ ព្រមទាំងកោតសរសើរចំពោះអាណត្តិការងាររបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំអស់ពីលទ្ធភាពក្នុងការជួយគាំទ្រដល់បុព្វហេតុនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងអាល្លឺម៉ង់។

សម្តេចក៏បានរំឭកផងដែរថានៅក្នុងអាណត្តិការងារកន្លងមកនេះសម្ដេចផ្ទាល់ជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាមានទំនាក់ទំនងការងារជាមួយគ្នាដ៏ល្អ និងមានអនុស្សាវរីយ៍ជាច្រើនផងដែរ រួមទាំងការជជែកពិភាក្សា ក៏ដូចជាការចុះធ្វើទស្សនកិច្ចនៅតាមមូលដ្ឋាននានាដើម្បីពិនិត្យការងារពាក់ព័ន្ធមួយចំនួនដែលគាំទ្រដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាដៃគូផ្សេងទៀត។
សម្ដេចក្រឡាហោម បានបន្តថាសម្ដេចមានក្ដីសង្ឃឹមជឿជាក់ថាតាមរយៈការពិភាក្សា ក៏ដូចជាការធ្វើទស្សនកិច្ចរួមគ្នាកន្លងមក គឺអ្វីៗដែលបានពិភាក្សាគ្នានោះ នឹងអាចក្លាយទៅជាការអនុវត្តជាក់ស្ដែងនាពេលអនាគត ជាពិសេសការងារដែលពាក់ព័ន្ធទៅនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលការងារនេះពិតជាមានសារៈសំខាន់ និងក៏ជារបៀបវារៈដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំ និងពុះពារជំរុញដំណើរការអនុវត្ត។

ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម និងបានឯកភាពថាតាមរយៈកិច្ចពិភាក្សាក៏ដូចជាដំណើរទស្សនកិច្ចរួមគ្នាជាមួយសម្ដេចកន្លងមកនោះ ឯកឧត្តមផ្ទាល់ក៏បានដឹងអំពីគោលបំណងសម្ដេចដែលចង់បង្កើតឲ្យមាននូវកិច្ចសហប្រតិបត្តិការដែលមិនត្រឹមតែលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការប៉ុណ្ណោះទេ ថែមទាំងមានបំណងចង់បង្កើតឲ្យមាននូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនគរបាលផងដែរ។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចនូវក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រោះថាអាល្លឺម៉ង់ក៏ជាប្រទេសមួយដែលមានបទពិសោធយូរឆ្នាំលើកិច្ចការនេះ ហើយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ដល់កម្ពុជាសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងបន្តទៅអនាគត។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការគិតគូររបស់សម្ដេចលើការបន្តអនុវត្តនូវកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំណាក់កាលទីពីរ ហើយថាផ្អែកលើសារៈសំខាន់នៃការងារកំណែទម្រង់នេះ ឯកឧត្ដមនឹងបន្តធ្វើការជាមួយឯកអគ្គរដ្ឋទូតថ្មីដែលនឹងត្រូវបន្តការងារពីឯកឧត្តមដើម្បីបន្តធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាបន្ថែមទៀតដើម្បីជំរុញដំណើរការវិវត្តនៃការងារវិមជ្ឈការ និងវិសហមជ្ឈការនេះឲ្យមានវឌ្ឍនភាពបន្តទៅមុខ។
សម្ដេចក្រឡាហោមបានថ្លែងអំណរគុណចំពោះការបន្តយកចិត្តទុកដាក់គាំទ្ររបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតមកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសការយកចិត្តទុកដាក់របស់ឯកឧត្ដមលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេចក៏យកឱកាសនេះជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតដែរអំពីស្ថានភាពនៃការវិវត្តទូទៅនៃដំណើរការឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ឆាប់ខាងមុខនេះ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ សម្ដេចបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថាមកដល់ពេលនេះ ពុំមានព័ត៌មានអំពីហិង្សា ណាមួយកើតឡើងឡើយ ហើយសម្ដេចក៏សង្កេតឃើញថាបណ្ដាគណបក្សនយោបាយ និងប្រជាពលរដ្ឋបានចូលរួមយ៉ាងផុលផុសនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបានគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីដែលបានកំណត់ជាធរមានផងដែរ។

មុននឹងបញ្ចប់ សម្តេចក្រឡាហោម ស ខេង បានអរគុណជាថ្មីម្ដងទៀតចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត និងបង្ហាញការជឿជាក់ថាទោះបីជាឯកឧត្តម នឹងត្រូវចប់អាណត្តិការងារនៅកម្ពុជានាពេលឆាប់ៗក្ដី ឯកឧត្តមនឹងនៅតែបន្តផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយកម្ពុជា និងបន្តចូលរួមចំណែកគាំទ្រដល់ការងារពាក់ព័ន្ធការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕
