មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ គណបក្សនយោបាយ អាចប្តឹងទៅ គ.ជ.ប រាជធានីខេត្ត ឬគ.ជ.បថ្នាក់ជាតិ ប៉ុន្តែត្រូវមានឯកសារភ័ស្តុតាងគ្រប់គ្រាន់ ក្នុងករណីដែលមិនពេញចិត្តលទ្ធផល នៅមណ្ឌល ឬនៅការិយាល័យបោះឆ្នោតណាមួយ
ឆ្លើយតបទៅនឹងសំណួរអ្នកយកព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ក្នុងករណីដែលគណបក្សនយោបាយណាមួយមិនពេញចិត្តទៅនឹងលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ គឺអាចដាក់ពាក្យបណ្តឹងទៅកាន់ គ.ជ.ប ថ្នាក់រាជធានីខេត្ត និងអាចបន្តមក គ.ជ.ប ថ្នាក់ជាតិបាន ក៏ប៉ុន្តែត្រូវមានឯកសារភ័ស្តុតាងច្បាស់លាស់។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ “យន្តការនៃការដោះស្រាយបណ្តឹងរបស់ គ.ជ.ប គឺបើសិនជាគណបក្សនយោបាយណាមួយមានការមិនពេញចិត្ត ឬបដិសេធ លទ្ធផលនៅមណ្ឌល ឬនៅការិយាល័យបោះឆ្នោតណាមួយ គណបក្សនយោបាយនោះអាចដាក់ពាក្យបណ្តឹងទៅ គ.ជ.ប ថ្នាក់រាជធានីខេត្ត ហើយបើមិនពេញចិត្តចំពោះដំណោះស្រាយនោះទៀត គឺអាចបន្តដាក់ពាក្យបណ្តឹងមក គ.ជ.ប ថ្នាក់ជាតិបាន ក៏ប៉ុន្តែអ្នកប្តឹងត្រូវមានភ័ស្តុតាងគ្រប់គ្រាន់ពីភាពមិនប្រក្រតីដើម្បីដាក់បន្ទុក ហើយ គ.ជ.ប នឹងសម្រេចទៅលើភស្តុតាងទាំងនោះ ដើម្បីសន្មតថានឹងបើកសវនាការលើបណ្តឹងទាំងនោះ ឬអត់”។
ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា ការពេញចិត្ត ឬមិនពេញចិត្តលទ្ធផលនៃការបោះឆ្នោតរបស់គណបក្សនយោបាយណាមួយនោះ គឺមិនអាចគ្របដណ្តប់លើការងាររបស់ គ.ជ.ប បាននោះទេ។ ភារកិច្ចរបស់ គ.ជ.ប គឺផ្ទៀងផ្ទាត់លទ្ធផលគ្រប់ការិយាល័យបោះឆ្នោត ដោយកំណត់ថាគណបក្សណានឹងទទួលបានលទ្ធផលណាខ្លះ ដោយមិនចំណុះទៅនឹងការពេញចិត្តឬមិនពេញចិត្តរបស់គណបក្សនយោបាយណាមួយនោះឡើយ។
នៅក្នុងថ្ងៃនេះផងដែរ នៅក្នុងសន្និសីទសារព័ត៌មានដោយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ស្តីពីសភាពការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលរួមមាន CDI, AIPA, IPTP, ICAPP, IO (Independent Observers), Think Tank 2022, និងCAPDI បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនស្តីពីដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នេះ ដោយលើកឡើងស្រដៀងគ្នាថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា មិនមានការគំរាមកំហែងឬមិនមានភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់នោះទេ។
សូមរម្លឹកផងដែរថា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ម្សិលមិញនេះ មានប្រជាពលរដ្ឋសរុបប្រមាណ ៧លាន១សែននាក់ បានចេញទៅបោះឆ្នោត ដែលស្មើនឹងប្រមាណ ៧៧.៩១% ក្នុងចំនួនប្រជាពលរដ្ឋសរុបដែលមានសិទ្ធិបោះឆ្នោតនៅក្នុងបញ្ជីប្រមាណ ៩លាន២សែននាក់។ គណបក្សនយោបាយចំនួន ១៧គណបក្ស បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ ដោយមានបេក្ខជនឈរឈ្មោះចំនួន ៨៦ ០៩២ នាក់ នៅក្នុងឃុំ/សង្កាត់ទូទាំងប្រទេសចំនួន ១ ៦៥២ ហើយជារួមស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់ល្អប្រសើរ៕ អរគុណសន្តិភាព