ថ្នាំញៀន ថ្នាំឆ្កួត ជនសង្ស័យម្នាក់មានមុខរបរអ្នកយកព័ត៌មាន Oneline រកស៊ីបន្ថែមលើសជំនាញ ត្រូវកងរាជអាវុធហត្ថនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ ដែលមានមុខរបរអ្នកយកព័ត៌មាន Oneline ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ចាពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារជំនាញ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា ជាលទ្ធផល គឺឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានឈ្មោះ សុធា សន្និវាស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន Oneline រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រួមទាំងវត្ថុតាងមាន – ម្សៅក្រាមពណ៌សថ្លា ចំនួន ២កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ ៧,២៥g – ម៉ូតូ ១គ្រឿង -ទូរស័ព្ទ ២គ្រឿង -ប័ណ្ណសារព័ត៌មាន ៤សន្លឹក និង-កាបូបស្ពាយពណ៌ខ្មៅចំនួន ១។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕ by Hout Songhak