Detail Top Banner

សមត្ថកិច្ចស្រាវជ្រាវបង្ក្រាប មុខសញ្ញាជនសង្ស័យម្នាក់ ដែលជាឈ្មួញជួញដូរអាវុធ ប្រភេទដាវ សាម៉ូរ៉ៃ


ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ ជាឈ្មួញជួញដូរអាវុធខុសច្បាប់ ប្រភេទដាវ សាម៉ូរ៉ៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ រួចបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី។

ជនសង្ស័យមាន ឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងឥន្ធនៈPTT ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយ​ជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុក​របស់​ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ​ ៥០ដុល្លារ ហើយឲ្យ​អតិថិជន​ដែលចង់ទិញដាវសាំម៉ូរ៉ៃអាចទំនាក់ទំនង តាមទូរសព្ទ័ដៃលេខ ផ្ទាល់ខ្លួនបាន។

មន្រ្តីជំនាញ បានបន្តទៀតថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យបានយកដាវសាម៉ូរ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ​២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ចំនួន ១ដើម បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួររហូតដល់ វេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអនុញ្ញាត​ដោយផ្ទាល់​​មាត់តាមរយៈទូរស័ព្ទដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការ​ជាមួយ​សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួល​ផងនោះ បានធ្វើការ​ឆែកឆេរ​បន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ​១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាំងដាវសាម៉ូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង