សិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរបរិស្ថាន រាជធានី ខេត្ត សរុបប្រមាណ៣៦១នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបញ្ហាប្រឈមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរកដំណោះស្រាយសមស្របជាក់ស្តែងរបស់មូលដ្ឋាននីមួយៗសំដៅធានាបានប្រសិទ្ធភាពនៃការអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានល្អប្រសើរបន្ថែមទៀត ការចូលរួមលើកកម្ពស់នូវសុខុមាលភាព សោភ័ណ្ឌភាព អនាម័យបរិស្ថាន ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តច្បាប់ គោលនយោបាយ ទស្សនវិស័យរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តិដែលបានដាក់ចេញ។
អង្គសិក្ខាសាលាបានពិភាក្សាដោយផ្តោតសំខាន់លើ៖ (១)ទិសដៅ និងវិធានការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សម្រាប់រយៈពេលខ្លី និងមធ្យម (២)ការគ្រប់គ្រងប្រតិបត្តិស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (៣)ដំណើរការនិងការអនុវត្តប្រព័ន្ធប្រតិបត្តិការ «ថ្នាលជាតិគ្រប់គ្រងសំរាម សំណល់រឹង» និងការប្រឡងប្រណាំងការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង