ក្រសួងសុខាភិបាល និង អង្គការ UNAIDS ប្តេជ្ញាបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥ នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ UNAIDS បានប្តេជ្ញាបន្តធ្វើការជាដៃគូយ៉ាងជិតស្និទ្ធ ឆ្ពោះទៅសម្រេចបានគោលដៅ នៃជំងឺអេដស៍សកល ឆ្នាំ២០២៥ និងការបញ្ចប់ជំងឺអេដស៍ ជាការគំរាមកំហែងសុខភាពសាធារណៈ នាឆ្នាំ២០២៥ នៅកម្ពុជា។

ការប្តេជ្ញាចិត្តរួមគ្នាយ៉ាងដូច្នេះ នាឱកាសដែរឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Patricia Ongpin នាយិកាប្រចាំប្រទេស របស់អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ដែលទើបតែងតាំងថ្មី នាទីស្តីការក្រសួង រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលសម្រេចបានតាមរយៈភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UNAIDS ក្នុងពេលកន្លងមក ហើយការគាំទ្ររបស់អង្គការ UNAIDS គឺជាគន្លឹះក្នុងការធានាថា យើងកំពុងស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកការសម្រេចបានគោលដៅបញ្ចប់ជំងឺអេដស៍។

ជាការឆ្លើយតប លោកស្រី Patricia Ongpin បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឲ្យបើកដំណើរការប្រទេសបានឡើងវិញ។

លោកស្រី នាយិកា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យជនបរទេសទាំងអស់ស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ រួមទាំងបុគ្គលិកអង្គការ UNAIDS ដែលបំពេញភារកិច្ចនៅកម្ពុជាផងដែរ។ កម្ពុជា ជាអ្នកត្រួសត្រាយ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ជាសកល ដោយសម្រេចបាននូវគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧ ហើយកម្ពុជា នៅតែជាអ្នកច្នៃប្រឌិតប្រកបដោយនវានុវត្តន៍ ដោយជំរុញឲ្យមានការចូលរួមរបស់សហគមន៍កាន់តែច្រើន និងវិធីសាស្រ្តយកមនុស្សជាមជ្ឈមណ្ឌល (People Center Approach) ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ៩៥-៩៥-៩៥។

លោកស្រី នាយិកាអង្គការ ប្តេជ្ញាបន្តការចូលរួមជាមួយក្រសួងសុខាភិបាល និងដៃគូទាំងអស់ ក្នុងដំណើរឆ្ពោះទៅរកការឆ្លើយតបនឹងមេរោគអេដស៍ ប្រកបដោយនិរន្តរភាព និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា។ ចំពោះគោលដៅ៩៥-៩៥-៩៥ ប្រទេសកម្ពុជា សម្រេចបានគោលដៅ ៩៥ ទី២ បាន៩៩% និង៩៥ ទី៣ បាន៩៧% លើកលែងតែ៩៥ ទី១ បានតែ៨៤% ដែលទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីស្វែងរកអ្នកផ្ទុកមេរោគអដស៍ ដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យ ដែលមានប្រមាណជាង១២.០០០នាក់។ ទន្ទឹមនឹងនោះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦៣.៤៨៣នាក់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ នៅក្នុងទីតាំងផ្តល់សេវាព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ចំនួន៧១កន្លែង នៅទូទាំងប្រទេស ក្នុងចំណោមនោះមានកុមារចំនួន១.៦០០នាក់ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ នៅក្នុងទីតាំងផ្តល់សេវាព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ សម្រាប់កូនក្មេង ចំនួន៤១កន្លែង អតិថិជន ចំនួន៣.០២៣នាក់ បាននិងកំពុងទទួលសេវាលេបថ្នាំបង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP ប្រិប) ក្នុងទីតាំងផ្តល់សេវាចំនួន១៤កន្លែង។

ជាចុងក្រោយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណអង្គការ និងស្នើសុំពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស៕ by BTV