អាជ្ញាធរជាតិអប្សរាប្រមូលបំណែករូបទេវតាទាញព្រ័ត្រ ដែលរកឃើញ ក្នុងពេលកំណាយនៅខ្លោងទ្វារតាកាវ យកទៅជួសជុល និងរក្សាទុក រង់ចាំការជួសជុលបន្ត

ខេត្តសៀមរាប៖ កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាល នៃខ្លោងទ្វារតាកាវ បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើង និងបានកប់ក្នុងដីអស់រយ:ពេលរាប់រយឆ្នាំកន្លងមក។

បំណែករូបទាំងអស់ត្រូវចុះបញ្ជីគូរ និងថតរូប មុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។

អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានអោយដឹងនៅថ្ងៃទី១៧ ខែមិថុនានេះថា ដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងជម្រៅប្រមាណជា១០សង់ទីម៉ែត្រ បានប្រទះឃើញបំណែកផ្សេងៗ រួមមាន បំណែកដងខ្លួនរូបទេវតាទាញព្រ័ត្រ បំណែកប្រអប់ដៃ-ជើង និងព្រះសិរទេវតាចំនួន៨។

ព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលបេតិភណ្ឌ ដើម្បីរក្សាសុវត្ថិភាព រីឯព្រះសិរចំនួន ២ផ្សេងទៀត មានព្រះសិរ ១បែកពាក់កណ្តាលជា ២បំណែក ហើយព្រះសិរ ១ទៀត មានសភាពសឹករេចរឹល និងផុយស្រួយខ្លាំងដែលតម្រូវឱ្យរងចាំរហូតដល់សាច់ថ្មរឹងមាំល្អមុននឹងអាចផ្លាស់ទីព្រះសិរនេះទៅកន្លែងជួសជុល។

អ្នកស្រី ធីតា បន្ថែមថា ការរកឃើញបំណែកបដិមាទាំងអស់នេះ ផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការជួសជុលចម្លាក់ទាញព្រ័ត្រនៅស្ពានហាលខ្លោងទ្វារតាកាវបានគ្រប់គ្រាន់ដូចដើមឡើងវិញ។

អ្នកស្រី បញ្ជាក់ថា មកដល់ពេលនេះ ការងារកំណាយបានរកឃើញបំណែកចម្លាក់ទេវតា បានប្រមាណជា ៣០% ហើយបំណែកចម្លាក់មួយផ្នែកធំទៀតបានដួលរលំនៅលើតួស្ពានហាល។

អ្នកជំនាញរូបនេះ បន្តឱ្យដឹងទៀតថា ការធ្វើកំណាយនៅដំណាក់ដំបូងមិនទាន់ដល់ស្រទាប់ដីដើមក្នុងសម័យសាងសង់ស្ពានហាលនៅឡើយ។

បន្ទាប់ពីបញ្ចប់កំណាយស្រទាប់ទី១ អាជ្ញាធរជាតិអប្សរានឹងបន្តធ្វើកំណាយស្រាវជ្រាវស្រទាប់ទី២ នឹងបន្តដល់ស្រទាប់ដីធម្មជាតិ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ នៃស្ពានហាល ដើម្បីឱ្យវិស្វករ ស្ថាបត្យករ រៀបចំពង្រឹងស្ពាននេះឡើងវិញ។

សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវនេះបានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕ មន្ទីរព័ត៌មានខេត្តសៀមរាប


