សម្ដេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

លោក ប៊ិន ជីវ័ន អភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រាច បានរាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីថា វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម បានបង្កើតឡើងនៅឆ្នាំ១៩៩៦ ស្ថិតនៅចំកណ្ដាលភូមិ លើផ្ទៃដីប្រមាណ២ហិកតា និងបានសង់រោងឧបោសថមួយខ្នង និងសាលាបុណ្យមួយខ្នងសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យសន្សំកុសល ហើយជាបន្តបន្ទាប់បានសាងសង់កុដ្ឋ ឧបដ្ឋានសាលា ទីសេនាសេនៈផ្សេងៗ។

លោកអភិបាលស្រុកបានបន្តថាព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជន ពិសេសក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមសាងសង់ព្រះវិហារបណ្ដោយ២២ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់១៩ម៉ែត្រ ដោយបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ ចំណាយថវិកា២៥៥ពាន់៣៥០ដុល្លារ។ដោយឡែកថវិកាជំពាក់នៅជាង១០០លានរៀល ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន រួមទាំងក្រុមការងារទទួលដោះស្រាយរួចរាល់។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកកញ្ជ្រាច និងស្រុកស្វាយអន្ទរ រួមនឹងក្រុមការងារដែលបានជួយដល់ស្រុកទាំងពីរ ពិសេសការដោះស្រាយបញ្ហាជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋទៅតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សម្ដេចក៏បានមានប្រសាសន៍អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនលើសលុបបង្ហាញអំពីការគាំទ្រដំំណើរការប្រជាធិបតេយ្យ និងការបន្តថែរក្សាសុខសន្តិភាព។

សម្ដេចបន្តថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យក៏ជាការបង្ហាញកិត្តិយសជាតិលើឆាកអន្តរជាតិ ក្នុងនោះសម្ដេចពិតជាមានមោទកភាពចំពោះការចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតពីគ្រប់ភាគី។

ក្នុងនាមសម្ដេចប្រធានកិត្តិយសគណបក្ស សម្ដេចប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងទាំងអស់ដែលបានចូលរួមគាំទ្រ និងបង្កលក្ខណៈធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ថាក្រុមប្រឹក្សាឃុំ សង្កាត់ដែលឈ្នះការបោះឆ្នោតត្រូវសងគុណប្រជាពលរដ្ឋ គិតឱ្យជ្រៅជ្រះ កុំថាខ្លួនឯងខ្លាំងទើបឈ្នះឆ្នោត។

សម្ដេចបន្តថា«យើងខ្លាំងបានគឺដោយសារពលរដ្ឋបោះឆ្នោតទេ។ ម្ចាស់សិទ្ធិ ម្ចាស់អំណាច ឱ្យយើងធ្វើមេឃុំនេះគឺពលរដ្ឋ។ ដូច្នេះត្រូវបំរើពួកគាត់ឱ្យអស់ពីលទ្ធភាព»។ សម្ដេចបន្តថាក្នុងនាមជាអាជ្ញាធរត្រូវធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត ដ្បិតមិនមែនគ្រាន់តែបោះឆ្នោតឱ្យនោះទេ ពលរដ្ឋថែមទាំងផ្ដល់ប្រាក់ខែជូនទៀត តាមរយៈប្រាក់ខែរដ្ឋដែលក៏ជាប្រាក់របស់ពលរដ្ឋ។

សម្ដេចក្រឡាហោមបន្តថា«ខ្ញុំស្នើថាកុំអួត កុំអាង កុំឆ្មើង កុំឆ្មៃ ហើយកុំដាក់ដង ដាក់ផ្លែ[ផ្កា]ជាមួយអ្នកមិនជោគជ័យ ឬក៏ថាអ្នកមិនឈ្នះ ឬក៏ថាអ្នកដែលចាញ់ កុំឱ្យសោះ កុំ អត់មានប្រយោជន៍ទេ គ្មានបានប្រយោជន៍អីទេ បំរើតែមហិច្ចតាខ្លួនឯង គំនិតខ្លួនឯងប៉ុណ្ណឹងទេ ប៉ុន្តែឱ្យសម្រាប់សង្គមវាអត់មានទេ។

អុីចឹងហើយចំពោះអ្នកហ្នឹងយើងរឹតតែធ្វើល្អដាក់គាត់ទៀត ដើម្បីឱ្យឃើញថានយោបាយគណបក្សប្រជាជនមិនមានការរើសអើងទេ ភ្លើងទៀនក៏ដោយ ភ្លើងធូបក៏ដោយ បោះឆ្នោតហើយ យើងធ្វើការជាមួយគ្នាទៅ សុទ្ធតែខ្មែរដូចគ្នាទេ»។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងចាក់ជូនដោយគ្មានការរើសអើងនោះឡើយ សូម្បីតែជនបរទេសក៏បានចាក់ជូនដោយឥតគិតថ្លៃផងដែរ។

សម្ដេចក៏បានចាត់ទុកលទ្ធផលនៃការបោះឆ្នោតដែលពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនលើសលុបថាអាចជាការផ្ដល់យុត្តិធម៌ជូនរាជរដ្ឋាភិបាលផងដែរ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋចូលរួមបង្កើនការអប់រំកូនចៅចៀសឱ្យផុតពីអំពើអបាយមុខ ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

សម្ដេចក៏អំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួននៅរៀងរាល់ពេលធ្វើដំណើរតាមដងផ្លូវ ពិសេសពាក់មួកសុវត្ថិភាព។ ជាមួយគ្នានោះ សម្ដេចក៏បានរម្លឹកអាណាព្យាបាល ឪពុកម្ដាយ ជីដូនជីតា បង្កើនការប្រុងប្រយត្នចំពោះកុមារតូចដែលអាចជួបគ្រោះថ្នាក់លង់ទឹកនារដូវវស្សានេះ៕ អរគុណសន្តិភាព
















