«ថែទាំភពផែនដី ដើម្បីសុខភាពយើង»

ខេត្តកែប៖ ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ«ថែទាំភពផែនដី ដើម្បីសុខភាពយើង» សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហការជាមួយសាលាខេត្តកែប មន្ទីរបរិស្ថានខេត្តកែប រៀបចំនូវពិធីដាំដើមកោងកាងចំនួន ៥០០០ដើម នៅទីតាំងព្រៃកោងកាងនៅសហគមនេសាទភូមិថ្មី ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ក្រុមការងារយេនឌ័រ កុមារតូច សមាគមនារីក្រសួង និងបងប្អូនប្រជាសហគមន៍មន្រ្តីឧទ្យានុរក្ស ប្រមាណជិត ៣០០នាក់។

ថ្លែងនៅក្នុងឪកាសនោះ លោកជំទាវ ឌិត នីតា មានប្រសាសន៍ថា ដើមកោងកាងមានសារៈប្រយោជន៍សំខាន់ណាស់ ចំពោះមនុស្ស សត្វ និងបរិស្ថាន ដូចជា ជារបាំងធម្មជាតិការពារឆ្នេរសមុទ្រពីគ្រោះធម្មជាតិ ជាកន្លែងស្តុកកាបោន ជាស្រទាប់ចម្រោះទឹក (សម្អាតទឹក) ជាកន្លែងសម្រាប់បង្កើតទេសចរណ៍ធម្មជាតិ ជាប្រភពអាហារដ៏សំខាន់ (ជាជម្រកត្រីពង-កូន និងសត្វស្លាប)។

ម្យ៉ាងទៀតព្រៃកោងកាងជាប្រភពប្រាក់ចំណូល (ផ្តល់ត្រី ក្តាម បង្គាធម្មជាតិ) ហើយក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ផ្ដល់នូវប្រាក់ចំណូលដល់ប្រជាសហគមន៍របស់យើង។

ដូច្នេះព្រៃកោងកាង គឺជាសម្បត្តិរួមរបស់សហគមន៍ និងយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សព្រៃកោងកាង សម្រាប់ប្រយោជន៍រួមដល់កូន ចៅជំនាន់ក្រោយ ។

ជាក់ស្តែង ដើម្បីចូលរូមរក្សាលំនឹងអេកូឡូស៊ីជលផលឲ្យកាន់តែសម្បូរបែប នៅក្នុងខេត្តកែប នៅថ្ងៃនេះ ក្រសួងបរិស្ថានបានផ្សារភ្ជាប់កម្មវិធីទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក តាមរយៈសកម្មភាពដាំដើមកោងកាង ចំនួន៥០០០ដើម ដោយមានការសហការគាំទ្រពីក្រុមហ៊ុនសម្ព័ន្ធ អាយ អេស អាយ ចំនួន ២០០០ដើម។

នៅក្នុងឱកាសនោះ គណៈប្រតិភូ និង ក្រុមការងារស្រ្តី ដែលដឹកនាំដោយលោកជំទាវ ឌិត នីតា លោកជំទាវ ម៉ុម ថានី និង ឯកឧត្តម អភិបាលខេត្ត ក៏បានទស្សនានូវសម្រស់ដ៏ស្រស់ត្រកាល និង ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ នៃឧទ្យានជាតិកែប តាមរយៈដំណើរថ្មើរជើង លើផ្លូវបេតុងថ្មីកសាងដោយក្រសួងបរិស្ថានដែលទើបសម្ពោធកាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានឈ្មោះថា«រុក្ខវិថីបុប្ផាប្រសិទ្ធិ»ប្រវែង៦kmផងដែរ ៕ អរគុណសន្តិភាព










