កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ជាលើកទី៤ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប រួមមាន ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់

ខេត្តសៀមរាប៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកាចំនួន ៥០០០០ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ជាច្រើនទៀត ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩ ដើម្បីប្រមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៤០០-៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។

ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកជានិច្ចកាល ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះ និងព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូច​ជា​ក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរង បានបញ្ជាក់បន្ថែមថា «ក្នុងឋាន:ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ នៃមន្ទីរពេទ្យគន្ធបុប្ផា បានឧបត្ថម្ភនូវថវិកា ១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២ រៀងមក។ ដោយឡែក សម្រាប់មន្ទីរពេទ្យកុមារអង្គរ គឺជាការឧបត្ថម្ភ លើកទី៤ ពីកាកបាទក្រហមកម្ពុជា គិតចាប់តាំងពី ឆ្នាំ២០១៩រៀងមក។»

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ តំណាងឱ្យថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាគ្រួសារប្រជាពលរដ្ឋ ដែលទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរឧបត្ថម្ភជាបន្តបន្ទាប់ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ នេះជាការលើកទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារនៅកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ជាលើកទី៤នេះ រួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ អង្ករ ១តោន មី ២០កេស ត្រីខ ២០០កំប៉ុង ម៉ាស់ ៤កេស (ស្មើនឹង ១៤០០០ម៉ាស់) និងជែលលាងដៃចំនួន ២០កេស (ស្មើនឹង ២៤០ដប)៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង