ឯកឧត្តម សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ លើកកម្ពស់ និងការពារសុខភាពសាធារណៈជូនរាជរដ្ឋាភិបាល និងប្រជាជន សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា ការកាត់បន្ថយអត្រាមរណៈរបស់មាតា និងទារកអំឡុងពេលសម្រាល អត្រាកាត់បន្ថយជំងឺឆ្លងគ្រប់ប្រភេទ យុទ្ធនាការស្រោចស្រពវ៉ាក់សាំងបង្ការ និងទប់ស្កាត់បានជំងឺកូវីដ១៩ ជាពិសេសជោគជ័យក្នុងការទប់ស្តាត់ការប្រើប្រាស់ផលិតផលថ្នាំជក់។

ជាក់ស្តែងថ្ងៃនេះ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើ ប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ ដល់មន្ត្រីរាជការនៃ ក្រសួងបរិស្ថាន។


ជាក់ស្តែងថ្ងៃនេះ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើ ប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ ដល់មន្ត្រីរាជការនៃ ក្រសួងបរិស្ថាន។

ការកោតសរសើរ និងវាយតម្លៃខ្ពស់របស់ឯកឧត្តម បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក្រសួងបរិស្ថាន និង ក្រសួងសុខាភិបាល ជាច្រើនរូបទៀត។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនៃការអនុវត្តការងារអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា និងបង្ហាញពីយុទ្ធសាស្ត្រ និងគោលដៅគន្លឹះនានាក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជាដោយអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការក្រសួងបរិស្ថាន ត្រូវតែពង្រឹងចំណេះដឹង និងសមត្ថភាព បន្ថែមទៀត ជាពិសេសជៀសឱ្យឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ ដូចជា ផលិតផលថ្នាំជក់នេះ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ ចូលរួមទាំងអស់គ្នាឱ្យវិស័យបរិស្ថានកាន់តែរីក ចម្រើនលើការងាររដ្ឋបាលសាធារណៈ មុខងារសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការតាក់តែងនូវគោលនយោបាយនានាក្នុងវិស័យបរិស្ថាន៕ អរគុណសន្តិភាព











