«សូមកុំជឿថា សាច់សត្វព្រៃ សំណាកសត្វព្រៃជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ តែនឹងធ្វើឱ្យសុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង»

ក្រសួងបរិស្ថាន៖ សូមកុំជឿថាសាច់សត្វព្រៃ សំណាក់សត្វព្រៃជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ តែនឹងធ្វើឱ្យសុខភាពរបស់អ្នកបរិភោំគនិងប្រើប្រាស់កានតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិតដោយសារតែសាច់សត្វព្រៃនិងសំណាកសត្វព្រៃគ្មានការពិនិត្យសុខភាព និងការបញ្ជាក់ច្បាស់លាស់ឡើយ ក្រៅពីការជឿតាមគ្នា ឮតៗគ្នា។

នេះគឺជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសនៃការបើកយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទីពីរ ដើម្បី ការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ដែលប្រារព្ធនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអ្នកចូលរួមពីភាគីពាក់ព័ន្ធនានារួមនឹងនិស្សិតប្រមាណ ១០០នាក់។

ក្រៅពីរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តនានានៅកម្ពុជារួមមានខេត្តស្ទឹងត្រែង ព្រះវិហារ និងក្រចេះរួចមកដែលស្ថិត ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តភាគខាងកើតទន្លេមេគង្គ ក្ររសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការ WWF កម្ពុជា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ Fauna & Flora International (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការ Wild Earth Allies បានរួមគ្នាចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទីពីរ ដើម្បី ការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ «យុទ្ធនាការការពារសត្វព្រៃយើង៖ ការកាត់បន្ថយ ការដាក់អន្ទាក់ ការទិញ/លក់ និងការហូបសាច់សត្វព្រៃ» គឺជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដឹកនាំដោយក្រសួងបរិស្ថាន ដែលមានគោលបំណងសំខាន់កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ ដោយសារ ការហូបសាច់សត្វព្រៃ អាចប៉ះពាល់ដល់សុខភាព និងជំរុញឱ្យមានការប្រមាញ់សត្វព្រៃ។


លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាពទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា «សត្វព្រៃគឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ យើងសង្ឃឹមថា ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការពារសត្វព្រៃ»។


គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ពង្រឹងការយល់ដឹងជាសាធារណៈ ក្នុងគោលដៅ ផ្លាស់ប្តូរ ឥវិយាបថ ដើម្បីការពារព្រៃឈើនិងសត្វព្រៃ តាមរយៈការផ្សព្វផ្សាយសារគន្លឺះសំខាន់ៗ ស្តីពី ការកាត់បន្ថយ តម្រូវការទិញនិងហូបសាច់សត្វព្រៃ ដើម្បីចូលរួមការពារព្រៃឈើនិងសត្វព្រៃ និង ធានាចីរភាពនៃជីវភាព រស់នៅរបស់សហគមន៍។


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបានប្រសាសន៍ថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយ ក្នុងការអភិរក្សនិងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ ក្រសួងបរិសា្ថន អំពាវនាវ ឲ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ យើងទទូច ឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស «និយាយថា ទេ ចំពោះសាច់សត្វព្រៃ» និងចូលរួមក្នុងកិច្ច ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិរបស់ព្រះរាជាណាចក្រយើង»។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថាន និងស្ថាប័ន-អង្គការដៃគូ ក៏បានសហការគ្នា ផ្តល់ជម្រើសជីវភាពរស់នៅរបស់សហគមន៍ មានដូចជាគំនិតផ្តួចផ្តើមផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់ ការពារធម្មជាតិ ដែលពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនិងការបរបាញ់តាមបែបប្រពៃណី ដើម្បីបាន សាច់មកហូប និងសម្រាប់លក់។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏នឹងស្វែងរកការផ្លាស់ប្តូរចំណង់ចំណូលចិត្ត និង ឥរិយាបថរបស់ប្រជាពលរដ្ឋ ក្នុងការទិញនិងការហូបសាច់សត្វព្រៃ ដើម្បីការពារ សុខភាពសាធារណៈ ពីហានិភ័យជំងឺរាតត្បាត នាពេលអនាគត។


គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់-សូន្យ ដែលដឹកនាំដោយក្រសួងបរិស្ថាន សហការជាមួយអង្គការ WWF កម្ពុជា ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការ អភិរក្សអន្តរជាតិ (CI) អង្គការ Fauna & Flora International (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការ Wild Earth Allies និងសហគមន៍មូលដ្ឋានបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណង លុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃនិងផលិតផលធ្វើពីសត្វព្រៃផ្សេងទៀតនៅកម្ពុជា។

យុទ្ធនាការអន្ទាក់-សូន្យ នេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ដោយផ្តោតលើខេត្តចំនួនប្រាំមួយ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ធំ និងខេត្តរតនគីរី៕ អរគុណសន្តិភាព

យុទ្ធនាការអន្ទាក់-សូន្យ នេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ដោយផ្តោតលើខេត្តចំនួនប្រាំមួយ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ធំ និងខេត្តរតនគីរី៕ អរគុណសន្តិភាព