ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឲ្យមានការប្រឡងប្រណាំង «ទូរទស្សន៍ជើងឯក» ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កាន់តែខ្លាំង
CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យមានការរៀបចំចលនាប្រឡងប្រណាំង «ទូរទស្សន៍ជើងឯក ឬ TV Champions» ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែផុសផុល និងខ្លាំងក្លាបន្ថែមទៀត។
នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ក្រោយអញ្ជើញផ្ដល់កិត្តិយសជាអធិបតីជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC ក្នុងវេទិកាជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។
ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ការរៀបចំឲ្យមានការប្រឡងប្រណាំងនេះ ទូរទស្សន៍ វិទ្យុ ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលអាចផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានល្អជាងគេ មានពេលវេលា និងមានការចាប់អារម្មណ៍ច្រើនជាងគេ នឹងទទួលបានការលើកទឹកចិត្តពីគណៈកម្មាធិការជាតិ CAMSOC ហើយអាចទទួលបាននូវសំបុត្រ ដើម្បីចូលទស្សនាពិធីបើក-បិទ និងការប្រកួតកីឡាមួយចំនួនទៀតផង។
ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា «យើងមានទូរទស្សន៍ច្រើន មានវិទ្យុច្រើន មានអ្នកខ្លះក៏គាត់ធ្វើបានល្អ អ្នកខ្លះក៏ធ្វើបានតិច អ្នកខ្លះក៏មិនទាន់បានធ្វើ។ អ៊ីចឹង ចលនាប្រឡងប្រណាំង គឺជាការជំរុញមួយ ធ្វើយ៉ាងម៉េចឲ្យមាន ប្រសិនបើទាំងអស់គ្នាចូលរួមក្នុងចលនាប្រឡងប្រណាំង ខ្ញុំគិតថា គ្រប់បណ្ដាព័ត៌មានទាំងអស់ នឹងមានការផ្សព្វផ្សាយកាន់តែខ្លាំង ហើយធ្វើការឲ្យមានការផ្សព្វផ្សាយ និងការអប់រំផ្សេងៗ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
«ប្រជាពលរដ្ឋ គាត់ស្ដាប់វិទ្យុច្រើន តែវិទ្យុខ្លះអត់បាននិយាយពីស៊ីហ្គេម។ ទូរទស្សន៍ក៏មានច្រើន តែទូរទស្សន៍ខ្លះ អត់បាននិយាយពីបញ្ហាស៊ីហ្គេមដែរ។ អ៊ីចឹង ចាប់ពីពេលនេះតទៅ ពិសេសចាប់ពីនៅសល់ ៣០០ថ្ងៃតទៅ (ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២) ទាំងអស់គ្នា ត្រូវតែនិយាយ ហើយមានកម្មវិធីមួយ ឆ្ពោះទៅរកស៊ីហ្គេម ឆ្នាំ២០២៣ តិចច្រើនក៏ដោយ ត្រូវតែមាន។ ក្នុងហ្នឹង អ្នកណាដែលខិតខំ ចូលរួមសកម្ម ហើយមានសមិទ្ធផលច្រើន មានស្នាដៃច្រើន នឹងទទួលបានរង្វាន់ពិសេសពី CAMSOC តាមរយៈការវាយតម្លៃរបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន» ។ ឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍បន្ថែម។
ក្នុងនោះដែរ រាល់ការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញឲ្យផ្សារភ្ជាប់ជាមួយគោលការណ៍សំខាន់ៗរបស់ CAMSOC និងយុទ្ធនាការអប់រំសង្គម ដូចជាជំរុញ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជាស្អាត» «យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និងកាត់បន្ថយគ្រឿងញៀនជាដើម ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព ឬ Sports Live in Peace»៕