ក្នុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ យានយន្ត ១៨១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ
ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានយ៉ាងដូច្នេះថា មានយានយន្តសរុបចំនួន ១៨១គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ១៦២គ្រឿង និងរថយន្ត ១៩គ្រឿង។
បើតាមអ្នកនាំពាក្យ គិតថ្ងៃទី២៥ ខែមិថុនា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨៦៩៤៧គ្រឿង ក្នុងនោះមានម៉ូតូ ៦៨៥២០គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៨៤២៧គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ទូរស័ព្ទ និងអត់ស្លាកលេខ។ ដោយឡែករថយន្តល្បឿន និងទូរស័ព្ទជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ៥លើក ក្នុងនោះស្លាប់ចំនួន ២នាក់ របួស ១២នាក់ (របួសធ្ងន់ ៨នាក់) រយៈពេល ១៧៦ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥៦៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩១១នាក់ របួស ២១៤៣នាក់ (របួសធ្ងន់ ១៣៧៣នាក់)៕ by FN