ការរៀននិងបង្រៀនតាមអនឡាញ អាចជំនួសការរៀននិងបង្រៀនផ្ទាល់នៅក្នុងថ្នាក់បានផង និងមិនបានផង


ភ្នំពេញ៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការរៀននិងបង្រៀនតាម អនឡាញ អាចជំនួសការរៀននិងបង្រៀនផ្ទាល់នៅក្នុងថ្នាក់បានផង និងមិនបានផង អាស្រ័យលើបរិបទ​ពាក់ព័ន្ធ ពីព្រោះបរិបទ ជាកត្តាសំខាន់ ក្នុងការពន្យល់ទំនាក់ទំនងរវាងការរៀននិងបង្រៀនតាមអន​ឡាញ និងការរៀននិងបង្រៀនផ្ទាល់ នៅក្នុងថ្នាក់។
ឯកឧត្តម រស់ សុវាចា បានមានប្រសាសន៍ថា បរិបទមុនកូវីដ-១៩ នៅក្នុងពិភពលោក ការរៀននិងបង្រៀនតាមអនឡាញ គឺជាការ បំពេញតម្លៃបន្ថែមឱ្យការរៀននិងបង្រៀននៅក្នុងថ្នាក់ផ្ទាល់តាមទម្រង់ Blended Learning គឺការរៀនតាមបែបចម្រុះ។ សម្រាប់កម្រិតចំណេះទូទៅ ការរៀននិងបង្រៀនអនឡាញ ត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្លៃបន្ថែមឱ្យការរៀននិងបង្រៀនផ្ទាល់ នៅក្នុងថ្នាក់ ដោយមិនអាចកាត់ផ្ដាច់គ្នាបាន អាស្រ័យលើអាទិភាវូបនីយកម្មនៃប្រទេសនីមួយៗ។ ឯកឧត្តមបន្តថា ជាទូទៅ ការអប់រំ ជាការលើកកម្ពស់សមត្ថភាពអ្នកសិក្សាផ្នែកចំណេះដឹង កាយ និងចិត្ត។ ការរៀននិងបង្រៀននៅក្នុងថ្នាក់ផ្ទាល់ អាចជួយឱ្យអ្នកសិក្សា ពង្រឹងចំណេះដឹង កាយ និងចិត្ត ហើយមិនអាចទទួលបានលទ្ធផលដូចគ្នា ប្រសិនបើជាការរៀននិងបង្រៀនតាមអនឡាញ។
ជាក់ស្ដែង សម្រាប់កម្រិតមតេ្តយ្យសិក្សា កុមារលូតលាស់ប្រាជ្ញាស្មារតី ដោយអនុវត្តនការប្រាស្រ័យទាក់ទងរវាងមនុស្សនិងមនុស្ស នៅក្នុងថ្នាក់ផ្ទាល់ ដែលជាមូលដ្ឋានគ្រឹះឱ្យកុមាររីកលូតលាស់ ហើយអាចសម្របខ្លួនចូលទៅក្នុងសង្គមរស់នៅ និងសង្គមការងារ។ សម្រាប់កម្រិតឧត្ដមសិក្សានិងក្រោយឧត្តមសិក្សា ក៏ដូចជាវគ្គបណ្តុះបណ្តាល ការរៀននិងបង្រៀនអនឡាញសម្រាប់មុខជំនាញខ្លះ គឺត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្លៃបន្ថែមឱ្យការរៀនផ្ទាល់ដូចនៅកម្រិតមធ្យមសិក្សាដែរ។ សម្រាប់មុខជំនាញខ្លះទៀត ការរៀន អនឡាញអាចប្រព្រឹត្តទៅបាន១០០ភាគរយ អាស្រ័យលើបរិបទសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា នៃប្រទេសនីមួយៗ ក្នុងការផ្ដល់សេវា អប់រំ។
អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា បរិបទកូវីដ-១៩ នៅក្នុងពិភពលោក ការរៀននិងបង្រៀនតាមអនឡាញត្រូវបានប្រើប្រាស់ ១០០ភាគរយ ជំនួសការរៀនផ្ទាល់នៅក្នុងថ្នាក់ អាស្រ័យលើកម្រិតហានិភ័យនៃការឆ្លងកូវីដ-១៩ និងបរិបទសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យានៃប្រទេសនីមួយៗក្នុងការផ្ដល់សេវាអប់រំ។ នៅពេលស្ថានភាពកូវីដ-១៩បានធូរស្រាល ការរៀនអនឡាញ គួរត្រូវបាន ប្រើប្រាស់ដើម្បីបំពេញតម្លៃបន្ថែមដល់ការរៀនផ្ទាល់នៅក្នុងថ្នាក់។ អ្នកផ្ដល់សេវាអប់រំ គួរបន្តផ្ដល់សេវាអប់រំប្រកបដោយភាព ជាអ្នកដឹកនាំនិងនវានុវត្តន៍ ដើម្បីឆ្លើយតបចំពោះតម្រូវការរៀននិងបង្រៀនតាមទិដ្ឋភាពជាក់ស្តែង៕ by AKP

អត្ថបទដែលជាប់ទាក់ទង