ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព បានប្រជុំពិភាក្សាជាមួយលោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព បានប្រជុំពិភាក្សាជាមួយលោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នជំនាញចំនួន០៥របស់អង្គការសហប្រជាជាតិរួមមាន៖ UNEP, ILO, UNDP, UNIDO និងUNITAR សរុបចំនួន ២៧រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំមុនការមកដល់នៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ កម្ពុជាចាប់អារម្មណ៍ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតងផងដែរ ដោយឯកឧត្តមបានស្នើឱ្យមានការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ពីអ្វីដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតងក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។


ក្នុងឱកាសនោះដែរ តំណាង PAGE បានជម្រាបជូនពីបទពិសោធន៍សកលមួយចំនួនក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច។


ជាលទ្ធផលចម្បងៗនៃកិច្ចប្រជុំនេះរួមមាន៖
១)ឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជាដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយសម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពជាអ្នកសម្របសម្រួលជាមួយ PAGE ។
២)ការជួបពិភាក្សាកម្រិតនយោបាយសម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង ៕ អរគុណសន្តិភាព

១)ឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជាដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយសម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពជាអ្នកសម្របសម្រួលជាមួយ PAGE ។
២)ការជួបពិភាក្សាកម្រិតនយោបាយសម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង ៕ អរគុណសន្តិភាព
