ពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកថ្មី ស្រុកកោះធំ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។


ឯកឧត្តមបានជំរុញដល់ លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំជាពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំព្រែកថ្មី កាន់តែមានការអភិវឌ្ឍន៍ លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។





