កម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ ការបាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះ ការបាញ់សម្លាប់ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងនូវការសោកសៅ និងតក់ស្លុត ចំពោះការទទួលមរណភាពរបស់ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះឃាតកម្មដ៏ព្រៃផ្សៃនេះ។ ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រលាញ់របស់កម្ពុជា ហើយមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ គឺជាការបាត់បង់ដ៏គួរឱ្យសោកសង្រេង មិនត្រឹមតែសំរាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្ដែក៏សំរាប់ប្រជាជនកម្ពុជា ផងដែរ»។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត និងសំដែងនូវសមានចិត្តដ៏ស្មោះស្ម័គ្រជាទីបំផុតជូនចំពោះគ្រួសារសពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ រដ្ឋាភិបាល និងប្រជាជនជប៉ុន។
សូមបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យ បន្ទាប់ពីរងការបាញ់ប្រហារ កំឡុងពេលថ្លែងសុន្ទរកថាមួយ ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន កាលពីព្រឹកមិញ៕