សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣ ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន ៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជាជម្រើសសម្រាប់ទាំងអស់គ្នា»។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថាទិវាប្រជាជនពិភពលោក១១កក្កដា បានប្រារព្ធឡើងដោយផ្ដើមចេគពីគំនិតចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅក្នុងពិភពលោក ហើយថាផ្អែកលើមូលដ្ឋាននេះ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១កក្កដា ឆ្នាំ១៩៨៩ ដើម្បីប្រារព្ធទិវានេះជាលើកដំបូង និងបានណែនាំឱ្យរដ្ឋសមាជិកប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដោយចាត់ទុកប្រជាជនជាមធ្យោបាយចុងក្រោយនៃការអភិវឌ្ឍ និងគោលដៅចុងក្រោយនៃការអភិវឌ្ឍ។


ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថានៅឆ្នាំនេះ ទិវានេះបានប្រារព្ធឡើងក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា»។

ឯកឧត្តមបន្តថាប្រធានបទនេះពិតជាឆ្លើយតបស្ថានភាពជាក់ស្ដែងនៃប្រជាជនក្នុងពិភពលោក ដោយសារអត្រាមរណភាពមានការធ្លាក់ចុះជាងមុន ហើយមនុស្សរស់នៅមានអាយុវែងជាងមុន និងសុខភាពល្អប្រសើរ។


ឯកឧត្តមបន្តថាប្រធានបទនេះពិតជាឆ្លើយតបស្ថានភាពជាក់ស្ដែងនៃប្រជាជនក្នុងពិភពលោក ដោយសារអត្រាមរណភាពមានការធ្លាក់ចុះជាងមុន ហើយមនុស្សរស់នៅមានអាយុវែងជាងមុន និងសុខភាពល្អប្រសើរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំដើម្បីរំលឹក និងជំរុញបន្ថែមដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត សិស្សនិស្សិត និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ បន្តខិតខំប្រឹងប្រែងដើម្បីបុព្វហេតុប្រជាជន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈជារៀងរាល់ឆ្នាំ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល តែងបានផ្ញើសារលិខិតអបអរសាទរ និងជូនពរប្រជាពលរដ្ឋនាឱកាសទិវានេះ។


អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានរំឭកថាមុនពេលមានការរីករាលដាលជំងឺកូវីដ-១៩ គឺសម្ដេចធ្លាប់បានចូលរួមពិធីបិទការប្រារព្ធពិធីទិវាប្រជាជនពិភពលោកលើកទី៣០ និងដែលក៏ចំខួប២៥ឆ្នាំ ក្រោយសន្និសីទអន្តរជាតិស្ដីពីជាជន និងអភិវឌ្ឍន៍ ដែលបានប្រារព្ធនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្នុងឆ្នាំ១៩៩៤ និងខួបលើកទី២៥ឆ្នាំ ដែលកម្មវិធីសហប្រជាជាតិសម្រាប់ជាជន មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។


សម្ដេចបន្តថាក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះពិភពលោកទាំងមូលបាននិងកំពុងឆ្លងកាត់វិបត្តិ និងការលំបាកធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះពីមុនបណ្ដាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងនោះកម្ពុជាក៏បានរងផលប៉ះពាល់ និងជះឥទ្ធិពលអវិជ្ជមានទៅលើការអភិវឌ្ឍគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាលវិស័យអប់រំ វិស័យទេសចរណ៍ និងវិស័យផលិតកម្មអតិពលកម្ម ធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។


ឆ្លើយតបទៅនឹងវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការគោលនយោបាយនានាដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាស្ថិរភាពនៃកម្រិតជីវភាពរបស់ប្រជាជននឹងផ្តល់ការឧបត្ថម្ភគាំទ្រថវិកា ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយវិធានការគោលនយោបាយទាំងនេះរួមមានការធ្វើអន្តរាគមន៍លើវិស័យសុខាភិបាល សង្គមកិច្ច សេដ្ឋកិច្ចដើម្បីកាត់បន្ថយផលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងនោះការចាក់វ៉ាក់សាំងក៏ជាវិធានការគន្លឹះដ៏មានប្រសិទ្ធភាព។


យ៉ាងណាក៏ដោយ សម្ដេចបន្ថែមថា បច្ចុប្បន្នពិភពលោកទាំងមូលមិនត្រឹមតែមិនទាន់ស្រាកស្រាន្តពីជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលរងនូវផលប៉ះពាល់បន្ថែមទៀតដោយថាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងតែបន្តនៅឡើយ និងបាននាំឲ្យមានកំណើនតម្លៃប្រេងឥន្ធនៈ ការខ្វះខាតស្បៀងអាហារ ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាសកលក៏ដូចជាភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងបរិស្ថាន ដែលកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនលើពិភពលោកទាំងមូលជាពិសេសជីវភាពរស់នៅរបស់ក្រុមជនងាយរងគ្រោះ។


សម្ដេចបានសម្ដែងក្ដីបារម្ភថាបញ្ហាទាំងនោះ នឹងធ្វើឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលជាពិសេសការមិនទុកឲ្យនរណាម្នាក់នៅឯការប្រហែលជានឹងមិនអាចសម្រេចបានឡើយរហូតដល់ឆ្នាំ២០៣០ ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្តអូសបន្លាយ ខណៈកម្ពុជាជាប្រទេសហត្ថលេខីមួយដែលបានចុះលេខាទទួលយកកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍មកអនុវត្ត ដោយបានដាក់បញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់សំខាន់។


ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានថ្លែងអរគុណ និងកោតសរសើរវាគ្មិនដែលបានចែករំលែកបទពិសោធនៃការអនុវត្តគោលនយោបាយ និងទស្សនវិស័យនានាពាក់ព័ន្ធនឹងការជួយឧបត្ថម្ភគាំទ្រដល់ជនងាយរងគ្រោះ ជាមនុស្សវ័យចាស់ ប្រជាជនក្រីក្រ ជាពិសេសស្ត្រីក្រីក្រ និងកុមារី និងជនពិការ។


សម្ដេចបានអះអាងជាថ្មីម្តងទៀតថារាជរដ្ឋាភិបាលកម្ពុជាសូមប្ដេជ្ញាចិត្តបន្តគាំទ្រ កម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍសំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពសកលឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជាដែលមិនទុកចោលនរណាម្នាក់ដើម្បី សុខុមាលភាពរបស់កូនចៅជំនាន់ក្រោយរបស់យើងឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ដើម្បីចាប់យកឱកាសនិងធានាសិទ្ធិនិងជម្រើសសម្រាប់ទាំងអស់គ្នា។


ក្នុងបរិបទពិភពលោកមួយដែលមានការវិវឌ្ឍយ៉ាងលឿន និងពិបាកប៉ាន់ស្មានបាននេះ សម្រាប់កម្ពុជា សម្ដេចក្រឡាហោម បានផ្ដល់មតិណែនាំឱ្យបន្តកសាងភាពធន់សង្គម បន្តពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិនានាដែលកើតមានដល់យថាហេតុនាពេលអនាគត និងគិតគូទៅលើការចំណាយសាធារណៈដោយផ្ដោតទៅលើវិស័យដែលមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ជាពិសេសអប់រំសុខាភិបាល សង្គមកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។


សម្ដេចក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាលត្រូវបន្តពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយនឹងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធផ្សេងៗទៀតក្នុងការជំរុញការអនុវត្តកម្មវិធីសុខភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍសំដៅសម្រេចបានជោគជ័យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយក្រសួងផែនការត្រូវបន្តរៀបចំ ទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រជាជន៕ អរគុណសន្តិភាព









