គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា»។

ពិធីនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់អង្គការដៃគូ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ក្រុមជំនួយការលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ផងដែរ។


វេទិកាជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ដែលបានរៀបចំឡើងនាពេលនេះ គឺមានគោលបំណងដើម្បីលើកកម្ពស់វប្បធម៌នៃការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការអនុវត្ត សកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈការផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមក រវាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ អង្គភាពរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ពង្រឹងគោលនយោបាយ យុទ្ធសាស្ត្រ និងការវិនិយោគ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងផលប៉ះពាល់លើគ្រប់ប្រភេទ នៃគ្រោះមហន្តរាយនាពេលបច្ចុប្បន្ន និងអនាគត និងរួមចំណែក ក្នុងការកាត់បន្ថយកម្រិតហានិភ័យគ្រោះមហន្តរាយ និងបង្កើនសុវត្ថិភាពនៅទូទាំងប្រទេស៕ អរគុណសន្តិភាព


















