ការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាកិច្ចការងាររបស់អាជ្ញាធរនិងកងកម្លាំងចំណុះឲ្យគណៈបញ្ជាការឯកភាព
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជម្រុញអោយគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណារក្សាអោយបាននូវសន្តិសុខជូនប្រជាពលរដ្ឋ ព្រោះថា កិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ វាជាកិច្ចការងាររបស់អាជ្ញាធរនិងកងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពនេះឯងត្រូវអនុវត្តអោយបានល្អ។
ការជម្រុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ផែនការអោយបានច្បាស់លាស់ក្នុងជួរ គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេស ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទះនៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ដែលយើងគិតថាស្មុកស្មាញ និងងាយរងគ្រោះ។
ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ផងដែរថា ក្នុងនាម អាជ្ញាធរនិងកងកម្លាំងត្រូវគិតថា សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់សុទ្ធតែត្រូវការសន្តិសុខដូចគ្នា។
បន្ថែមពីលើនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវការពារអោយបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំង២ភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្មេងទំនើងទាំងនេះ ភាគច្រើនជាសិស្សសាលា ដូច្នេះលោកស្នើអោយអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ត្រូវសហការគ្នា មើលសិស្សដែលគេចសាលារៀនអោយបានម៉ឺងម៉ាត់ និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះអោយបាន។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើអោយអាជ្ញាធរខណ្ឌទាំងអស់ ត្រូវជម្រុញប្រជាពលរដ្ឋអោយទៅទទួលវ៉ាក់សាំង ដុសជម្រុញអោយបានគ្រប់គ្នា ព្រោះថា ជម្ងឺកូវីដ-១៩ បានកំរើកឡើងវិញហើយ ដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធរនិងកងកម្លាំងទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងមកនេះ ដែលបានធ្វើអោយដំណើរការនៃការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ជោគជ័យនិងគ្មានអំពើហឹង្សា៕ អរគុណសន្តិភាព