បើខាងអាណាចក្ររីកចំរើនពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណដល់ស្ថាបនិកសន្តិភាព

ភ្នំពេញ៖ ប្រជាពុទ្ធបរិសទ្ធ័ខ្មែរមិនដែលភ្លេចទេនូវការធ្វើបុណ្យធ្វើទានសន្សំកុសល និងឧទ្ទិសដល់វិញ្ញាក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ និងតែងបានប្រកាន់ខ្ជាប់ការធ្វើបុណ្យទានប្រចាំឆ្នាំទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋមិនដែលអាក់ខានឡើយ លើកលែងតែក្នុង របបប្រល័យពូជសាសន៍ឥតសាសនាដែលយកជំនឿសាសនារបស់ជាតិជាសត្រូវដូចប្រជាពលរដ្ឋទូទៅដែរ។


ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យថ្កុំថ្កើងរុងរឿងថែមទៀត នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបុត្រ រួមជាមួយមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នា នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យនិងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្តទូទាំងរាជធានីភ្នំពេញសម្រាប់ពិធីបុណ្យចូលព្រះវស្សាដោយបានប្រាព្វឡើងនៅក្នុងបរិវេណវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។


ឯកត្ដម ឃួង ស្រេង នាឱកាសនោះបានមានប្រសាសន៍ថា៖ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជន ស្លូតត្រង់ រួមទាំងសំលាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋ អោយស្លាប់ទៅជាមួយដែរ។ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យិជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញហើយថែមទាំងរីកលូតលាស់ប្រកបដោយភាពសុខដមរម្យនាក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។


ឯកឧត្ដមបន្តថា បើគ្មានសុខសន្តិភាព គ្មានការរីកចំរើនផ្នែកអាណាចក្រក៏មិនអាចធ្វើឲ្យផ្នែកពុទ្ធចក្ររីកចំរើនបានដែរ ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើអោយប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នានិងគ្រប់ដូស ខណៈដែល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បច្ច័យដែលទួលបានពីពុទ្ធបរិស័ទ្ធចូលរួមចាប់មគ្គផលនាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន១៣លាន៦សែន៤ម៉ឺន៧០០រយរៀល និងជាង ៣០០ដុល្លារសំរាប់ប្រគេនព្រះសង្ឃវត្តចាន់បុរីវង្ស។ ដោយឡែកសំរាប់វត្តទាំង ១៥១វត្តក្នុងរាជធានីភ្នំពេញ ក្នុងមួយវត្ត ទទួលបានបច្ច័យ១០០.០០០រៀល ទៀនព្រះវស្សា១គូ អង្ករ១០០គីឡូក្រាម សាដក១ ស្ករស១បាវ ទឹកដោះគោ១កេស ទឹកក្រូច៤កេស ទឹកសុទ្ធ២កេស មី៤កេស និងត្រីខ១កេស ។

គួរបញ្ជាក់ថា៖ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ ។

ក្នុងរយៈពេលនេះព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តនោះទេត្រូវគង់នៅចាំ ព្រះវស្សាក្នុងវត្តរហូតគ្រប់៣ខែដើម្បីរៀនសូត្រធម៏អារ្យ ក្បួនច្បាប់ តាមពុទ្ធានុញ្ញាតិដោយខិតខំផ្ចង់សំភីសិក្សារៀនសូត្រក្រោមពន្លឺភ្លើងទៀនព្រះវស្សាដែលបានដុតបំភ្លឺឲ្យឆេះរហូតមិនឲ្យដាច់ រយៈពេល៣ខែនេះហើយ ដែលពុទ្ធបរិស័ទ្ធត្រូវបំពេញកុសលជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលជាស្រែបុណ្យនៅពេលព្រះសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន៕ អរគុណសន្តិភាព













