ឯកឧត្តម កើត រិទ្ធ បានអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ កាលពីឆ្នាំ២០២១គឺដើម្បីកំណត់សញ្ជាតិថ្នាក់ដឹកនាំកំពូលមិនមែនជារឿងអាក្រក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩កាលពីឆ្នាំ២០២១គឺដើម្បីកំណត់សញ្ជាតិថ្នាក់ដឹកនាំកំពូលមិនមែនជារឿងអាក្រក់ដូចមនុស្សមួយចំនួនតូចថានោះឡើយ ដែលធានាបាន ផលប្រយោជន៍ជាតិតែ ប៉ុណ្ណោះ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើក ឡើងថា អ្នកដែលរិះគន់លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ មាន៧មាត្រាកាល ពីឆ្នាំមុន ដែលកំណត់សញ្ជាតិសម្រាប់ថ្នាក់ដឹកនាំកំពូលមានដូចជា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្រ្តីត្រូវមានសញ្ជាតិខែ្មរតែមួយ គឺជាអ្នកដែលនិយាយមិនគិតពីប្រយោជន៍ខ្មែរឡើយ ហើយជាការរិះគន់ដ៏អាក្រក់បំផុត។
«ហេតុអ្វីបានជាធ្វើវិសោធនកម្មលើកទី៩តើអ្វីជាគោលបំណងគឺដើម្បីបំពេញដល់បំណងពីរដ៏សំខាន់សម្រាប់ជាតិរបស់យើង គឺទីមួយដើម្បីធានាឧឡារិកភាពទាំងខាងផ្លូវច្បាប់ទាំងខាងនយោបាយឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាប្រមុខនៃស្ថាប័នកំពូលទាំងបួនរបស់ជាតិរួមមានរដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាធម្មនុញ្ញដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលជំហរនិងការប្តេជ្ញាចិត្តស្មោះ ឥតងាករេចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់និងទីពីរដើម្បីធានាថាក្នុងការដឹកនាំប្រទេសត្រូវធានាឱ្យបាននូវការការពារឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាជាពិសេសគឺការប្រឆាំងពីខាងក្រៅ មកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា»។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មលើកទី៩ បានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីធានាបានគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស សម ស្របតាមតម្រូវការនៃភាពចាំបាច់។
សូមជម្រាបថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្ត បន្ទាប់ រាប់ទាំងពេលនេះផង គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ មានគោលបំណងធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕ by AKP