ការអភិវឌ្ឍជំនាញ និងបំណិនជីវិតសម្រាប់កុមារតូចអាយុក្រោម ៦ឆ្នាំនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ នឹងជួយរៀបចំពួកគេសម្រាប់ភាពជោគជ័យនៅពេលកុមារឈានជើងចូលសាលារៀន និងចូលទៅក្នុងសង្គម
ការអប់រំថែទាំចិញ្ចឹមបីបាច់កុមារតូចអាយុក្រោម ៦ឆ្នាំ ឱ្យបានល្អពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍខួរក្បាលរបស់កុមារតូច និងមានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងជាវិជ្ជមានសម្រាប់ប្រទេសជាតិ ព្រោះថា កុមារជាទំពាំងស្នងឬស្សី ដែលនឹងក្លាយជាអ្នកបន្តវេនក្នុងពេលអនាគត។
ការអភិវឌ្ឍជំនាញ និងបំណិនជីវិតសម្រាប់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ នឹងជួយរៀបចំពួកគេសម្រាប់ភាពជោគជ័យនៅពេលកុមារឈានជើងចូលសាលារៀន និងចូលទៅក្នុងសង្គម។
ក្នុងនោះផងដែរ ការប្រើប្រាស់បច្ចេកវិទ្យាដែលសមស្របទៅតាមអាយុរបស់កុមារ អាចជួយបង្កើតការរៀនសូត្រឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។
ការអនុញ្ញាតឱ្យកុមារតូចសម្រេចបាននូវសក្តានុពលនៃការអភិវឌ្ឍពេញលេញ គឺជាការផ្ដល់ជូននូវសិទ្ធិកុមារពិតប្រាកដ និងតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
វិស័យសុខាភិបាលក៏មានតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់ការចិញ្ចឹមបីបាច់ និងថែទាំកុមារក្នុងជីវិតដំបូងរបស់ពួកគេ តាមរយៈការអន្តរាគមន៍ជាប្រចាំសម្រាប់សុខភាពមាតា និងទារក រួមទាំងអាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត និងការការពារពីជំងឺឆ្លងផ្សេងៗ។
ជាមួយគ្នានេះ វិស័យអប់រំមានតួនាទីដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងរៀបចំគម្រោងសកម្មភាពអប់រំ ពីការថែទាំ និងការចិញ្ចឹមបីបាច់កុមារដល់ឪពុក-ម្ដាយ អាណាព្យាបាល។
ខាងលើនេះ គឺជាប្រធានបទនៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅណែនាំ និងដំណើរការអប់រំឪពុក-ម្ដាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍកុមារតូចនៅតាមឃុំសង្កាត់ ដោយគោលបំណងធំ គឺឲ្យក្រុមប្រឹក្សាឃុំសង្កាត់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការរៀបចំ និងគ្រប់គ្រងដំណើរការនៃការអនុវត្តសកម្មភាពអប់រំឪពុក-ម្ដាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍកុមារតូចអាយុក្រោម 6ឆ្នាំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព សមធម៌ និងបរិយាបន្ន។




