ថាមពលដើរដោយពន្លឺព្រះអាទិត្យអនុភាព១៦២គីឡូវ៉ាត់( Solar Minigrid ) សម្ពោធដាក់អោយប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋនៅភូមិកោះឬស្សី ឃុំប្រឡាយមាស


ខេត្តកំពង់ឆ្នាំង៖ គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូច កម្លាំង១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នៅ ភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និង មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ។

ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ភូមិកោះឫស្សី ឃុំប្រឡាយមាស គឺជាតំបន់មួយដែលមានរស់នៅលើដីកោះរស់នៅលើទឹក និងលើកគោកផង ជាតំបន់ដាច់ស្រយាល ពុំមានបណ្តាយអគ្គិសនីជាតិទៅដល់នោះទេ កន្លងមកនៅតាមតំបន់នេះ ប្រជាពលរដ្ឋបានប្រើប្រាស់ភ្លើងបំភ្លឺ ដូចជាអាគុយ ពន្លឺព្រះអាទិត្យតាមខ្នងផ្ទះ ដោយពុំបានគ្រប់គ្រាន់នោះទេ ។

តាមរយៈនៃការវិនិយោគនៃគម្រោងនេះ នឹងធ្វើឱប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះបានភ្លើងប្រើក្នុងដំណាក់កាលដំបូងបណ្តោះអាសន្ន តាមថាមពលពន្លឺព្រះអាទិត្យដែលបានវិនិយោគរួមគ្នារវាងក្រុមហ៊ុន២គឺ ស្នេថិកគ្រុប និងឈីនគ្រុប ហើយចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនៅភូមិកោះឫស្សី នឹងបានទទួលបានថាមពលស្អាតប្រើប្រាស់ទៅតាមខ្នងផ្ទះ ដែលបានកំណត់លក្ខណបច្ចេកទេសត្រឹមត្រូវ ។

មានប្រសាសន៍នៅក្នុងឱកានោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រី និងជា អគ្គនាយកអគ្គិសនីកម្ពុជា បញ្ជាក់ឱ្យដឹងថា គម្រោងផ្គត់ផ្គង់ ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូច កម្លាំង១៦២​គីឡូវ៉ាត់ គម្រោងនេះក្រៅពីផ្តល់ថាមពលបានមកពន្លឺព្រះអាទិត្យ ជាថាមពលកកើតឡើងវិញ ហើយជាថាមពលស្អាតហើយនោះ ក៏ជាគម្រោងវិនិយោគឯកជន ដោយក្រុមហ៊ុនក្នុងស្រុក និងមានវិស្វករ កម្មករដែលសុទ្ធសឹងតែជាខ្មែរផងដែរ។

មួយវិញទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺនៅតែមានគោលដៅ ដើម្បីបង្កើនសមាមាត្រថាមពលកកើតឡើងវិញគ្រប់រូបភាព និងរាប់ទាំងថាមពលពន្លឺព្រះអាទិត្យនេះ ឲ្យកាន់តែច្រើន នៅក្នុងបណ្ដាញជាតិថែមទៀតផង។

នៅកម្ពុជាបណ្តាញអគ្គិសនីបានផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ គ្របដណ្តប់លើភូមិ១៣៧៩៨ភូមិ ស្មើជាង៩៧,៣៩ភាគរយ ដែលមានអគ្គិសនីប្រើប្រាស់ នៅសល់ប្រមាណជាង៣០០ភូមិស្មើនឹង ២,៦១​ភាគ​រយ តែប៉ុណ្ណោះដែលបណ្តាញអគ្គិសនីពុំបានទៅដល់ នេះបើយោងតាមទិន្ន័យនៅឆ្នាំ២០២០ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង