ឈ្មួញម្នាក់ មានអាវុធក្នុងដៃបាញ់គំរាម ៤គ្រាប់ រួចចូលសម្ងំក្នុងផ្ទះដេកធ្វើមិនដឹង សមត្ថកិច្ចឡោមព័ទ្ធមួយយប់ ព្រឹកឡើងទើបឃាត់ខ្លួន
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលគេឲ្យដឹងថាជាឈ្មួញ បាញ់បោះសេរី គឺ លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់ ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង១៦នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកជំនួញ នៅភូមិកើតហេតុខាងលើ។ ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤គ្រាប់ ដែលប្រើអាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ក្រោយមកករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ ដែលមានកងរាជអាវុធហត្ថសហការគ្នា និងនគរបាល ដែលដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា គេមិនទាន់ដឹងថា ការបាញ់បោះសេរីនេះបណ្តាលមកពីបញ្ហាអ្វីនៅឡើយ ឲ្យប្រាកដនោះទេ៕