ប៉មមើលទេសភាព ជួយពង្រឹងការអភិរក្សនិងជំរុញទេសចរណ៍ធម្មជាតិក្នុងតំបន់កាន់តែប្រសើរ

ខេត្តឧត្តរមានជ័យ៖ ក្រសួងបរិស្ថាន ផ្តល់ប៉មមើលទេសភាព ជូនដល់តំបន់ការពារធម្មជាតិ ប្រើប្រាស់ ក្នុងគោលបំណងបម្រើ កិច្ចការពារនិងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែង ដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសំដែងការរីករាយចំពោះ គម្រោងក្រសួងបរិស្ថាន ផ្តល់ជូន ប៉មចំនួន២ កន្លែងកន្លែងទៀត ដាក់នៅតំបន់បឹងស្នោរក្រុងសំរោង និងនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ រហូតដល់ពេលនេះខេត្តនេះមានប៉មមើលទេសភាពចំនួន ៤ ឈើចំនួន២ និងដែកចំនួន២។


លោក ភួង លីណា បញ្ចាក់ដែរថា ប៉មមើលទេសភាព មិនត្រឹមតែផ្តល់ជាមធ្យោបាយ ពង្រឹងការពិនិត្យ និងតាមដាន ព្រមទាំងចាត់វិធានការឆ្លើយតបសកម្មភាពបទល្មើស កាន់តែប្រសើរថែមទៀត នោះទេ ប៉មទាំងនេះ បានផ្តល់ជូនអ្នកទេសចរណ៍ បានមើលទេសភាព ព្រៃឈើ និងសត្វព្រៃ ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សាភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។


លោកប្រធានមន្ទីរចាត់ទុកថា តំបន់ការពារធម្មជាតិនៅក្នុងខេត្តឧត្តរមានជ័យមានចំនួន៣កន្លែង មានប្រៀបបាននឹងកូនក្រមុំលាក់ខ្លួន ក្នុងវិស័យទេសចរណ៍ធម្មជាតិ ជាពិសេសទេសភាពនៅតាមតំបន់ការពារធម្មជាតិចំនួន ៣កន្លែង និងរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានព្រៃឈើស្រស់ស្អាត សត្វព្រៃ ក៏ដូចជាសត្វស្លាបកម្រ និងរងការគម្រាមកំហែងជិតផុតពូជ កំពុងរស់នៅ។


លោក ភួង លីណា សង្ឃឹមថាអ្នកទេសចរណ៍មកទស្សនា ហើយសហគមន៍ត្រៀមផ្ដល់សេវា ដូចជា ការលក់ដូរផលិតផលផ្សេងៗ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ បោះតង់ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការរកចំណូលបន្ថែមផងដែរ។


សូមបញ្ចាក់ថា ក្រសួងបរិស្ថានក្នុងជំហានដំបូងគ្រោងសាងសង់ប៉មមើលទេសភាព ចំនួន១០កន្លែង នៅក្នុងឆ្នាំ២០២២។ មកដល់ខែសីហា ឆ្នាំ២០២២ ក្រសួងបានផ្តល់ជូន ប៉មមើលទេសភាព បានចំនួន៤កន្លែង ដែលក្នុងនោះប៉ម២កន្លែង នៅខេត្តបន្ទាយមានជ័យ និង២កន្លែងទៀត នៅខេត្តឧត្តរមានជ័យ។
ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាគម្រោងក្រសួងបរិស្ថាន គឺចង់លើកកម្ពស់ទេសភាពនៅតាមតំបន់ការពារធម្មជាតិ និងជំរុញការទាក់ទាញយកផលប្រយោជន៍តាមរយៈទេសចរដែលមកកម្សាន្តនៅក្នុងតំបន់ធម្មជាតិនេះផងដែរ៕ អរគុណសន្តិភាព

